(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៩នាក់ រងរបួសធ្ងន់១៦នាក់ និងរងរបួសស្រាល៣នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការ នគរបាលជាតិ។
គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២២គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូចចំនួន៨គ្រឿង, រថយន្តធុនធំ៣គ្រឿង និងយានផ្សេងៗចំនួន១គ្រឿង, ថ្មើរជើង១នាក់, កង់១គ្រឿង មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៦លើក, បត់គ្រោះថ្នាក់១លើក, ស្រវឹង១លើក, មិនគោរពសិទ្ធិ១លើក, មិនប្រកាន់ស្តាំ២លើក, ប្រជែង១លើក, កត្តាយានយន្ត១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៧នាក់ (យប់៣នាក់)។
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន ១,៩៨២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៦២៨គ្រឿង និងពិន័យសរុបចំនួន ១,៣៥៤គ្រឿង៕