(ភ្នំពេញ)៖ លោក វ៉ាំងសង់ អេប្លេ (Vincent ÉBLÉ) សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា បានបង្ហាញការស្ញប់ស្ញែងចំពោះការសាងសន្តិភាពនៅកម្ពុជា ព្រោះសន្តិភាពនេះមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ។ សមាជិកព្រឹទ្ធសភារបស់បារាំងរូបនេះ ក៏បានបង្ហាញការពេញចិត្តរបស់ខ្លួន ចំពោះឯករាជ្យភាពរបស់កម្ពុជា ដោយមិនរណបប្រទេសណាមួយ។ ភាពមិនរណបនេះ បានស្តែងឱ្យឃើញច្បាស់ចំពោះការសម្រេចចិត្ត ប្រឆាំងការឈ្លានពានរបស់រុស្ស៉ី លើប្រទេសអ៊ុយក្រែន។
លោក វ៉ាំងសង់ អេប្លេ បានលើកឡើងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។
ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះគណៈប្រតិភូ ដែលអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ព្រោះកម្ពុជា និងបារាំង មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាជាយូរលង់ណាស់មកហើយ។
លោកប្រធានគណៈប្រតិភូ សម្ដែងក្ដីរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកបន្តថា ជាការពិតទៅលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាផ្លូវការចំនួន៦លើកមកហើយ បូករួមជាលក្ខណៈឯកជនផង សរុបចំនួន១០លើក តែមិនដែលបានជួបសម្ដេចតេជោ ម្ដងណាឡើយ។ លោក វ៉ាំងសង់ អេប្លេ បានបង្ហាញក្ដីរីករាយ ដែលមានឱកាស បានជួបសម្ដេចតេជោ ក្នុងពេលដែលសម្ដេចធ្វើជាប្រធានព្រឹទ្ធសភា។
លោក វ៉ាំងសង់ អេប្លេ បានលើកឡើងថា កម្ពុជា និងបារាំង មានទំនាក់ទំនងយូរអង្វែង ក្នុងប្រវត្តិសាស្ត្រ ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរផ្លាស់ប្ដូរទស្សនកិច្ចគ្នា មានការជួបសន្ទនាពិគ្រោះយោបល់ជាច្រើន។ ក្នុងនោះដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅទីក្រុងប៉ារីស កាលពីដើមឆ្នាំកន្លងទៅនេះ គឺមានអត្ថប្រយោជន៍សម្បើមណាស់។
លោក វ៉ាំងសង់ អេប្លេ បានជំរាបសម្ដេចតេជោថា តាំងពីរូបលោក ជាប់ឆ្នោត ជាប្រធានក្រុមមិត្តភាពអន្តរសភាបារាំង-កម្ពុជា នៅឆ្នាំ២០១២ មកដល់ពេលនេះ គឺមានរយៈពេល ១២ឆ្នាំហើយ ហើយលោកបានស្គាល់កម្ពុជាតាមរយៈការធ្វើទស្សនកិច្ចនៅកម្ពុជាចំនួន១០លើក និងបានស្គាល់តំបន់ដែលមានសហគមន៍ខ្មែររស់នៅក្នុងប្រទេសបារាំង ដូច្នេះលោកបានស្គាល់ និងស្រឡាញ់ចូលចិត្តពីទំនៀមទំលាប់ វប្បធម៌ខ្មែរ ដែលធ្វើឱ្យទំនាក់ទំនងរបស់លោក និងកម្ពុជា មានភាពរីកដុះដាល។
សមាជិកព្រឹទ្ធសភាបារាំងរូបនេះ បានលើកឡើងពីក្ដីរីករាយ ចំពោះដំណើរទស្សនកិច្ច ក្នុងរយៈពេលកន្លងមក ដោយលោកបានឃើញពាណិជ្ជករ អ្នកវិនិយោគ សហគមន៍សេដ្ឋកិច្ចរបស់បារាំង មានដូចជា៖ ធនាគារប្រេដ ក្រុមហ៊ុនទេសចរណ៍ មានក្រុមហ៊ុនខ្លះទទួលបន្ទុកសុខាភិបាល សណ្ឋាគារ ជាពិសេសនោះ ការចូលរួមចំណែកធ្វើស្ថានីយ៍លើទឹកស្អាតបាក់ខែង។ លោក វ៉ាំងសង់ អេប្លេ បានមានប្រសាសន៍ថា លោកមានការច្រណែនកម្ពុជា ដែលមានទន្លេមេគង្គ សំបូរទឹកប្រើប្រាស់ ព្រោះថា នៅមូលដ្ឋានរបស់លោក ត្រូវបូមទឹកពីក្នុងដីមកប្រើ។
លោក ក៏បានអបអរសាទរ និងអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដួចផ្ដើមឱ្យក្រុមហ៊ុនបារាំងជាច្រើន ចូលមកដាក់ទុនវិនិយោគនៅកម្ពុជា។ លោកបានសង្កេតឃើញថា នៅរាជធានីភ្នំពេញ មានការប្រែប្រួលខ្លាំង ប៉ុន្តែលោកបានគោរពស្នើសុំ រក្សាតុល្យភាពនៃការថែរក្សាបេតិកភណ្ឌជាតិ ដូចជាអាគារចាស់ៗដែលត្រូវយកចិត្តទុកដាក់ថែរក្សា ជាមួយការកសាងអគារថ្មីៗទំនើបៗ។
លោក វ៉ាំងសង់ អេប្លេ បានសម្ដែងក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ជាមួយកម្ពុជា គឺមានការរីកលូតលាស់ខ្លាំង ដោយព្រះករុណា ព្រះមហាក្សត្រកម្ពុជា បានយាងចូលរួមក្នុងកិច្ចប្រជុំរបស់យូណេស្កូកន្លងមក នៅទីក្រុងប៉ារីស ហើយឃើញថា បារាំង មកជួយថែទាំ ជួសជុលលើប្រាសាទបុរាណ ក៏ដូចជាការយកចិត្តទុកដាក់ ប្រមែប្រមូលធនធានយកមកវិញនូវរូបសំណាក់ផ្សេងៗដែលត្រូវឈ្មួញលួចលក់ទៅក្រៅប្រទេស ក៏ដូចជាការរៀបចំតាំងពិព័រណ៍ នៅបរទេសផងដែរ ដើម្បីផ្សព្វផ្សាយពីបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន សម្ដែងក្ដីរីករាយដែលឮថា លោក វ៉ាំងសង់ អេប្លេ បានមកទស្សនកិច្ចនៅកម្ពុជាចំនួន១០លើ។ សម្ដេចតេជោ បានសម្ដែងការពេញចិត្ត ដែលបានផ្សារភ្ជាប់ទំនាក់ទំនង រវាងបារាំង និងកម្ពុជា ជាពិសេសការចូលរួមរបស់បារាំង ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា តាមរយៈការជួយជ្រោមជ្រែងឱ្យមានជំនួបរវាងសម្ដេច និងអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការវិនិយោគ លើស្ថានីយ៍ទឹកស្អាតបាក់ខែង ។ សម្ដេចតេជោបន្តថា កាលពីឆ្នាំទៅ កម្ពុជា មានការលំបាកដោយសារការខ្វះខាតទឹកប្រើប្រាស់ ជាពិសេសនៅតំបន់តាខ្មៅ នៃខេត្តកណ្ដាល ហើយក្រុមហ៊ុនវ៉ាងស៊ី និងអ្នកបច្ចេកទេសបារាំង បានរៀបចំបណ្ដាញនៅបាតទន្លេ បញ្ជូនទឹកនេះ មិនត្រឹមតែប្រើប្រាស់ក្នុងរាជធានីភ្នំពេញទេ គឺបានបញ្ជូនទៅកាន់ជាយក្រុងថែមទៀត ឱ្យមានទឹកប្រើប្រាស់។
សម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានសម្ដែងក្ដីរីករាយ ចំពោះកិច្ចការដែលកម្ពុជា បានធ្វើជាមួយបារាំង ជាពិសេស សម្ដេចបានមានទំនាក់ទំនងជាហូរហែ ជាមួយថ្នាក់ដឹកនាំបារាំងរហូតមកដល់បច្ចុប្បន្ន។ តាមរយៈទំនាក់ទំនងនេះ សម្ដេចតេជោ បង្ហាញការរីករាយដែលទំនាក់ទំនងនេះ មានការរីកលូតលាស់ទាំងផ្នែកសេដ្ឋកិច្ច ដោយមានក្រុមហ៊ុនបារាំងជាច្រើន បានចូលរួមជាបន្តបន្ទាប់ ហើយសម្ដេច បានសំណូមពរឱ្យលោកប្រធានគណៈប្រតិភូ ជំរុញឱ្យអ្នកវិនិយោគបារាំង មកវិនិយោគថែមទៀត លើវិស័យផ្សេងៗនៅកម្ពុជា។
សម្ដេចតេជោ បានឆ្លើយតបនឹងតុល្យភាព នៃបេតិកភ័ណ្ឌថា៖ ទី១) ក្នុងវិស័យវប្បធម៌៖ កម្ពុជា មានការប្រើប្រាស់ភាសាបារាំង ដែលសម្ដេចបានដាស់តឿន ឱ្យបារាំងយកចិត្តទុកដាក់បង្កើតឡើងវិញ នូវមជ្ឈមណ្ឌលភាសាបារាំង ដែលពីមុនអ្នកនយោបាយគណបក្សបារាំងខ្លះ បានបដិសេធ ដោយសារតែពេលនោះ គេមិនទទួលស្គាល់រដ្ឋាភិបាលនៅភ្នំពេញ។ សម្ដេចតេជោ បានលើកឡើងថា នៅតំបន់អាស៊ីអាគ្នេយ៍នេះ ប្រទេសហ្វ្រង់កូហ្វូនី មាន កម្ពុជា វៀតណាម ឡាវ ថៃ តែកម្ពុជា នៅមានអ្នកប្រើប្រាស់ភាសាបារាំងច្រើនជាងគេ ហើយសម្ដេចតេជោ បានបង្ហាញមោទនភាព ដែលនៅក្នុងរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី គឺមានអ្នកនិយាយភាសាបារាំងរហូតដល់ទៅ ៣៧ភាគរយ។
សម្ដេចតេជោ បានមានប្រសាសន៍ទាក់ទងនឹងការជួយរបស់បារាំង នៅក្នុងវិស័យវប្បធម៌បេតិកភ័ណ្ឌ គឺបារាំង បានជួយច្រើន ជាពិសេសការធ្វើជាសហប្រធានជាមួយជប៉ុន ក្នុង ICC អង្គរ ដែលបានជួយជ្រោមជ្រែងរហូតដល់បានចុះបញ្ជីក្នុងបេតិកភណ្ឌ ប្រាសាទសំបូរព្រៃគុក កាលពីពេលកន្លងទៅនេះ ។
ដោយឡែកទាក់ទងនឹងសំណង់ សម្ដេចតេជោ បានបញ្ជាក់ថា ត្រូវស្វែងរកតុល្យភាពក្នុងការរក្សាអគារចាស់ៗ និងកសាងសំណង់ថ្មីៗ ដោយរក្សាអគារចាស់ៗដែលជាសម្បត្តិបេតិកភ័ណ្ឌផ្អែកទៅលើគុណភាព របស់សំណង់ដែរ ព្រោះអគារចាស់ៗខ្លះមានសភាពទ្រុឌទ្រោម ដែលមិនអាចទុក ព្រោះវាអាចបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ។ សម្ដេចតេជោ បានបង្ហាញថា អាគារចាស់ដូចជា៖ វិមានព្រឹទ្ធសភានេះជាដើម ដែលជាកេរដំណែលរបស់ព្រះករុណា នរោត្តមសីហនុ កាលពីព្រះអង្គនៅជាព្រះប្រមុខរដ្ឋ នៅពេលនោះ គឺកសាងជាវិមានរដ្ឋ រួមទាំងសំណង់អគារចាស់ៗ មួយចំនួន ដែលសំណង់នៅរឹងមាំ គឺនៅរក្សាទុក្ខ និងបានសាងសង់សំណង់អាគារថ្មីៗបន្ថែម រួមទាំងខិតខំរក្សានូវអគារចាស់ៗទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា។
សម្ដេចតេជោ ក៏បានរៀបរាប់ពីដំណើរការប្ដូរវេន ពីជំនាន់ចាស់ទៅជំនាន់ថ្មី ហេតុអ្វីបានជាសម្ដេច ធ្វើការលះបង់ធ្វើការផ្លាស់ប្ដូរ នៅក្នុងពេលដែលការគាំទ្រ តាមរយៈការបោះឆ្នោតគាំទ្រនៅតែមានកើនឡើងខ្ពស់ថា អ្វីដែលសម្ដេចលះបង់ គឺជាការរក្សាស្ថេរភាពយូរអង្វែង ហើយសម្ដេច បានសំដែងក្ដីរីករាយដោយសារការផ្លាស់ប្ដូរនេះ បានប្រកបទៅដោយភាពរលូន ។
សម្ដេចតេជោបានបន្តថា លទ្ធផលបានស្ដែងហើយ ដោយក្នុងរយៈពេល ៨ខែមកនេះ អ្វីៗបានដំណើរការយ៉ាងរលូន ដោយសេដ្ឋកិច្ចនៅតែកើន ដែលឆ្នាំទៅ មានកំណើនសេដ្ឋកិច្ចប្រហែលជា ៥.៦ភាគរយ ហើយឆ្នាំនេះ រំពឹងថា នឹងកើនឡើងដល់ ៦.៦ភាគរយ ហើយអតិផរណា និងអត្រាប្ដូរប្រាក់មានស្ថេរភាពល្អ ហើយការនាំចេញ ក៏មានការកើនឡើង។
លោកប្រធានគណៈប្រតិភូ បានសម្ដែងការអរគុណ ចំពោះសម្ដេចតេជោ ដែលបានរៀបរាប់យ៉ាងក្បោះក្បាយលើប្រធានបទជាច្រើន។ វ៉ាំងសង់ អេប្លេ ក៏បានកោតសរសើរចំពោះសម្ដេចតេជោ ដែលបានដឹកនាំប្រទេស តាំងពីមានជម្លោះមកមានការអភិវឌ្ឍ។ លោក ក៏បានបង្ហាញមោទនភាពផងដែរ ដោយសារតែបារាំង បានរួមចំណែកដល់សុខសន្តិភាព វិបុលភាពរបស់កម្ពុជា។ វ៉ាំងសង់ អេប្លេ យល់ថា សន្តិភាព គឺជាគោលដៅមួយដ៏សំខាន់ណាស់ និងជាលក្ខខណ្ឌសម្រាប់គ្រប់ប្រទេស ដើម្បីមានការអភិវឌ្ឍ មានវិបុលភាព ហើយសម្រាប់ប្រជាជន គឺត្រូវការសុខសន្តិភាព ។
លោក វ៉ាំងសង់ អេប្លេ ក៏បានសង្កេតឃើញថា កម្ពុជាជាប្រទេសស្វ័យភាព ក្នុងការសម្រេចចិត្តដោយឯករាជ្យភាពទាក់ទងជាមួយចំហររបស់កម្ពុជាលើបញ្ហាអ៊ុយក្រែន ដែលលោក វ៉ាំងសង់ អេប្លេ សង្កេតឃើញថា កម្ពុជាមានសមត្ថភាពមិនរណបប្រទេសអ្នកណា ស្ដាប់បង្គាប់អ្នកណាទេ ហើយជាប្រទេសតែមួយគត់នៅក្នុងតំបន់ដែលមានឥរិយាបថដែលស្របនឹងគោលចំហជាមួយបារាំង។
ទាក់ទងទៅនឹងវិស័យបេតិកភណ្ឌសំបូរបែបរបស់កម្ពុជា លោក វ៉ាំងសង់ អេប្លេ បានជូនជាយោបល់ថា គួរជំរុញលើកទឹកចិត្តឱ្យមានទេសចរណ៍ ហូរចូលមក ប៉ុន្តែគួរតែរៀបចំយ៉ាងណា ឱ្យទេសចរណ៍ស្នាក់នៅបានយូរ ដោយអាចរៀបចំជាសារមន្ទីរ។ ពាក់ព័ន្ធបញ្ហានេះ លោក បានជួបជជែកជាមួយលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ ហើយលោកមានគម្រោងកសាងសារមន្ទីរមួយនៅក្បែរប្រាសាទកោះកេរ្តិ៍ ដើម្បីភ្ញៀវទេសចរ បានទៅមើលប្រាសាទផង និងទៅមើលសារមន្ទីរផង ។
លោក វ៉ាំងសង់ អេប្លេ បានឱ្យដឹងដែរថា ទាក់ទងនឹងបេក្ខភាពរបស់កម្ពុជា ស្នើរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦នោះ លោក បានជូនដំណឹងថា នៅពេលនេះ ពុំមានបេក្ខភាពណាផ្សេងទៀតក្រៅពីកម្ពុជានោះទេ ហើយនៅចុងឆ្នាំនេះ នឹងមានកិច្ចប្រជុំនៅប្រទេសបារាំង ដោយគេនឹងសម្រេចពីបេក្ខភាពរបស់កម្ពុជា ដែលស្នើសុំ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦។ លោក វ៉ាំងសង់ អេប្លេ បានបញ្ជាក់ថា រូបលោក និងរដ្ឋាភិបាលបារាំង បានគាំទ្របេក្ខភាពកម្ពុជា សម្រាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ៕