(ភ្នំពេញ)៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួល ដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈាន ទៅបង្ក្រាបករណីរក្សារទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

លទ្ធផលចាប់ខ្លួនជនល្មើស០២នាក់៖ ១៖ ឈ្មោះ ម៉ែន ប្រុសពៅ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ និង២៖ ឈ្មោះ ញឹក ពៅ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (MDMA) ទម្ងន់ ២ ០៣៥.៩៥ ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់៤.១៥ក្រាម គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់១១.២០ក្រាម, វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ២,០៥១.៣០ក្រាម (២គីឡូ និង៥១.៣០ក្រាម)។

បច្ចុប្បន្នជនល្មើសខាងលើត្រូវបាន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

ជាការគត់សម្គាល់រយៈពេលចុងក្រោយនេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក្ខ ក្នុងបរិមាណរាប់សិបគីឡូក្រាម និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕