(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខរាជធានីភ្នំពេញ រួមជាមួយលោក ម៉ម ប៊ុនហេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងលោក ម៉ូវ ម៉ានិត ប្រធានគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំសមាជិក សមាជិកាបក្សជិត ២,០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤ ឆ្នាំ២០២៤ នៅក្នុងខណ្ឌសែនសុខ។
យុទ្ធនាការនេះបានធ្វើឡើងក្រោយបញ្ចប់ការជួបជុំទ្រង់ទ្រាយធំ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមកាងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។
យុទ្ធនាការឃោសនាបោះឆ្នោតនេះ ជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតដែលកម្ពុជា បានបើកទំព័រឡើងក្នុងដំណើរការពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានឱ្យកាន់តែប្រសើរថ្លៃថ្លាបន្ថែមទៀត តាមរយៈការបើកយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីឆ្ពោះទៅការបោះឆ្នោតជ្រើសរើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។
សម្រាប់ខណ្ឌសែនសុខ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ អនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយការជួបជុំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដ៏ច្រើនកុះករ នៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ ក៏ជាការបង្ហាញពីភាពរឹងមាំ និងចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានផងដែរ។
ក្នុងឱកាសនោះដែរ លោកសាស្ដ្រាចារ្យបានថ្លែងអំណរគុណអ្នកតំណាងរាស្រ្ត ក្រុមប្រឹក្សាសង្កាត់ សមាជិក សមាជិកា គណបក្ស ដែលបានខិតខំប្រឹងប្រែងពុះពាររហូតទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជន ដែលឈានដល់ការបង្កើត រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យ ក៏បានផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោត ឲ្យបានជាប់ជាប្រចាំ និងគោរពឲ្យបានខ្ជាប់ខ្ជួនបទបញ្ញត្តិនានា ពាក់ព័ន្ធទៅនឹងការបោះឆ្នោត។
សូមជម្រាបថាយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ គឺចាប់ផ្តើមឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលជាឱកាសឲ្យគណបក្សប្រជាជនកម្ពុជារាជធានី ខណ្ឌ បានផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗរបស់ក្រុមប្រឹក្សារាជធានី ខណ្ឌ អោយបានទូលំទូលាយ ដើម្បីឈានទៅដណ្តើមជ័យជំនះ នៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ៕