(ភ្នំពេញ)៖ ក្មេងទំនើង៣ក្រុម រហ័សនាមផ្សេងៗគ្នា រួមមាន ក្រុមលីអូហោះ (LH), ក្រុមស៉ីខេកាហ្វេកុង និងក្រុមឈូកវ៉ា១ (VC1) សរុប១៤នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោយបង្ក្រាបបានពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សា និង៤ករណី។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្មេងទំនើងទាំង៣ក្រុមនេះ ត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវបង្ក្រាបជាបន្ដបន្ទាប់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងនោះ

*ករណីទី១៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្មព្រួតគ្នាគប់បណ្តាលត្រូវជើងខាងឆ្វេងរងរបួស និងបែកកញ្ចក់បង្អួចផ្ទះ) ប្រព្រឹត្តនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ចំណុចមុខផ្ទះលេខ១៧៣ ផ្លូវលេខ១៣២ ក្រុម១០២ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

*ករណីទី២៖ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ដេញវាយជនរងគ្រោះប្លន់យកកាបូបប្រាក់) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤

*ករណីទី៣៖ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដំបងដែកមូល) ប្រវែងប្រហែល២ម៉ែត្រ ចំនួនប្រហែល១០ដើមព្រួត គ្នាវាយទៅលើជនរងគ្រោះ និងវាយម៉ូតូបណ្តាលឲ្យរងការខូចខាតចំនួន១គ្រឿង រួចប្លន់យកកាបូបប្រាក់ និងទូរស័ព្ទដៃ១គ្រឿង ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

*ករណីទី៤៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតកែច្នៃ ដាវកែវច្នៃ ដុំថ្ម កាប់ និងគប់គ្នាទៅវិញទៅមក) ប្រព្រឹត្តនៅចំណុចបុរីឈូកវ៉ា១ ផ្លូវលេខ១៦Mថ្មី ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញដកហូតបានវត្ថុតាង និងមធ្យោបាយជិះសម្រាប់ធ្វើសកម្មភាពមួយចំនួនផងដែរ៕