(ព្រះវិហារ)៖ លោក ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ និងសមាជិកគណបក្សប្រជាជន ប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

ពិធីប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតនាព្រឹកនេះ មានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក គីម រិទ្ធី អនុប្រធានគណបក្សខេត្ត ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សខេត្តក្រុង ស្រុក ក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង ស្រុក និងសមាជិក សមាជិកា ជាច្រើនរូបទៀត។

លោក ម៉ៅ សុផាន់ បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បន្ទាប់ពីយើងទើបបានទទួលជោគជ័យយ៉ាងធំធេងក្នុងការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងបរិយាកាសនយោបាយប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោកថ្លែងបន្តថា ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ គឺជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានការជួបជុំ បេក្ខជនក្រុមប្រឹក្សាខេត្តទាំងពេញសិទ្ធិ និងបម្រុង រួមជាមួយគណៈកម្មាធិការគណបក្ស និងសមាជិកគណបក្សពីក្រុងព្រះវិហារ និងតាមស្រុក មន្ទីរអង្គភាពនានា ជុំវិញខេត្តជាច្រើនរូប។

លោក ម៉ៅ សុផាន់ ក៏បានថ្លែងផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវពិនិត្យឯកសារបោះឆ្នោត អត្តសញ្ញាណបណ្ណ និងតាមដានប្រតិទិនបោះឆ្នោតជាប់ជាប្រចាំ និងគោរពខ្ជាប់ខ្ជួនតាមបទបញ្ជា បំរាម និងបទបញ្ញត្តិនានា ក្នុងស្មារតីធ្វើយ៉ាងណាបានចូលរួមបោះឆ្នោត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីរក្សាឲ្យបានសំឡេង១០០ភាគរយ ដូចលទ្ធផល បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥កន្លងទៅថ្មីៗនេះ៕