(កំពត)៖ លោកបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត និងលោកបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត នាព្រឹកថ្ងែទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំជាសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត, សមាជិក សមាជិកាគណបក្សខេត្ត ក្រុង ស្រុក សរុបចំនួន១,១៤៨នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។

លោកបណ្ឌិត ប៉ែន ស៉ីម៉ន បានលើកឡើងថា នៅថ្ងៃទី១ ដែលជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតអសកល ហើយដើម្បីធានាថា គណបក្សត្រូវតែឈ្នះសម្រាប់ការដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ បន្តទៀត។

លោកបានស្នើដល់បេក្ខភាព និងអង្គបោះឆ្នោតក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុកទាំងអស់ ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ និងថែទាំសុខភាពឲ្យបានល្អ ហើយត្រូវទៅពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងត្រូវប្រុងប្រយ័ត្នរក្សាឯកសារពាក់ព័ន្ធ ហើយក្នុងកំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ត្រូវសម្រាក និងរក្សាភាពស្ងៀមស្ងាត់រយៈពេលមួយថ្ងៃ មុនពេលបោះឆ្នោត គឺនៅថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤។

លោកបណ្ឌិត ប៉ែត សុីម៉ន ស្នើសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាគ្រប់រូប ត្រូវគោរពទៅតាមការណែនាំរបស់គណបក្ស និងបទបញ្ជានីតិវិធីច្បាប់ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានកំណត់ និងជៀសវាងកើតមានឡើងនូវបញ្ហានានា ក្នុងកំឡុងពេលឃោសនា ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ ក្នុងនាមជាគណបក្សនយោបាយដឹកនាំប្រទេស៕