(សេអ៊ូល, កូរ៉េខាងត្បូង)៖ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Chung Eui-yong ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា ICAPP ត្រូវបានបង្កើតឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងខែកញ្ញា ឆ្នាំ ២០០០ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមគណបក្សនយោបាយ ដែលមានមនោគមវិជ្ជាផ្សេងៗនៅអាស៊ី និងអូសេអានី។ ICAPP មានគោលបំណងពង្រឹងការយោគយល់គ្នាទៅវិញទៅមក និងបង្កើនទំនុកចិត្តក្នុងតំបន់ និង លើកកម្ពស់សន្តិភាព វិបុលភាពតាមរយៈតួនាទី និងបណ្តាញតែមួយគត់របស់គណបក្សនយោបាយ។
ICAPP មានឆន្ទៈសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ដោយបង្កើនការយល់ដឹងលើបញ្ហាសំខាន់ៗ និងជំរុញការសន្ទនាលើការរចនា និងការអនុវត្តគោលនយោបាយដែលអាចនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន។ នៅឆ្នាំ២០១៨ អង្គការយូណេស្កូបានទទួលស្គាល់ ICAPP ជាអង្គការអន្តរជាតិនៃគណបក្សនយោបាយនៃរដ្ឋឯករាជ្យ ហើយបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអង្គការយូណេស្កូ និង ICAPP» ។
ICAPP នឹងបន្តដើរតួនាទីរបស់ខ្លួនមិនត្រឹមតែក្នុងការកសាងសហគមន៍ដ៏ស្អិតរមួតមួយនៅក្នុងទ្វីបអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការស្វែងរកសន្តិភាព និងវិបុលភាពពិភពលោកផងដែរ៕