(សេអ៊ូល)៖ យន្តហោះទម្លាក់គ្រាប់បែក B-1B Lancer របស់អាមេរិក បានធ្វើការហោះហើរ នៅលើដែនអាកាសប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារ៍នេះ ក្នុងគោលបំណងបង្អួតពីកម្លាំងយោធា និងសាមគ្តីភាពរវាងអាមេរិកនិងកូរ៉េខាងត្បូង ខណៈពេលដែលភាពតានតឹងបានកើនឡើង នៅក្រោយការបំផ្ទុះសាកល្បងគ្រាប់នុយក្លេអ៊ែរដែលធ្វើឡើងដោយ កូរ៉េខាងជើង។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦។
យន្តហោះទម្លាក់គ្រាប់បែកទាំង០២គ្រឿង បានធ្វើការហោះហើរនៅរយៈកម្ពស់ទាប នៅលើមូលដ្ឋានទ័ពអាកាស Osan ក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានចម្ងាយប្រមាណ ៧៧គីឡូម៉ែត្រ ពី Demilitarised Zone (តំបន់គ្មានយោធាឈរជើង) នៅជាប់នឹងព្រំប្រទល់កូរ៉េខាងជើង និងចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ពីរដ្ឋធានីសេអ៊ូល។
គួរបញ្ជាក់ដែរថា យន្តហោះទម្លាក់គ្រាប់បែកដ៏មានអនុភាព ធុន B-1B នេះ ដំបូងឡើយត្រូវបញ្ជូនមកឧបទ្វីបកូរ៉េ នៅថ្ងៃចន្ទម្សិលមិញឯណោះទេ ប៉ុន្តែកាលវិភាគដែលត្រូវធ្វើការហោះហើរ ត្រូវបានពន្យាពេលទៅវិញ ដោយសារតែបញ្ហាអាកាធាតុនៅកោះហ្គាំ ដែលជាកន្លែងយន្តហោះទាំង០២គ្រឿងឈរជើង។ ទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ របស់កូរ៉េខាងត្បូង បានឲ្យដឹងថា ដោយសារមានខ្យល់បក់សន្ធប់ខ្លាំងៗពេក ទើបយន្តហោះ B-1B មិនអាចធ្វើការហោះហើរចេញមកបាន៕