(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធការវិនិយោគនៅកម្ពុជា ជូនដល់មន្ត្រីរាជការពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង និងសមត្ថភាពមន្ត្រីក្នុងខេត្តពាក់ព័ន្ធការវិនិយោគនៅកម្ពុជា។
សិក្ខាសាលាត្រូវបានដឹកនាំរៀបចំ និងអញ្ជើញជាអធិបតីដោយ លោក ទ្រី ដាលុច អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការអញ្ជើញចូលរួមពី លោក អ៊ុំ ឃន សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី, លោក នួន សារ៉ន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី, តំណាងសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី, ពាណិជ្ជករ និងតំណាងមន្ទីរជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលខេត្តសរុបប្រមាណចំនួន ៨៦រូប។
លោក នួន សារ៉ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងក្តីសោមនស្សរីករាយចំពោះវត្តមានគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ព្រមទាំងបានជម្រាបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សមិទ្ធផលមួយចំនួនពាក់ព័ន្ធកិច្ចការវិនិយោគ សក្ដានុពល និងស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តមណ្ឌលគិរី។
ថ្លែងបើកសិក្ខាសាលានោះ លោក ទ្រី ដាលុច បានថ្លែងថា គោលបំណងចម្បងនៃសិក្ខាសាលានេះ សំដៅលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការវិនិយោគប្រកបដោយតម្លាភាព ជាពិសេសនីតិវិធីនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តមណ្ឌលគិរី។
លោកអគ្គលេខាធិការរង បានបន្តទៀតថា តាមរយៈច្បាប់ និងអនុក្រឹត្យខាងលើនេះ អនុគណៈកម្មាធិការវិនិយោគខេត្តមណ្ឌលគិរី បានទទួលប្រតិភូកម្មសិទ្ធិអំណាចក្នុងការពិនិត្យ និងសម្រេចលើការចុះបញ្ជី, ការផ្តល់ការលើកទឹកចិត្ត, ការធានា, ការទិញ, ការលក់, ការរួមបញ្ចូលគ្នា, ការលុប, និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូល ៥លានដុល្លារអាម៉េរិកចុះក្រោម។ នេះជាការពង្រីកដែនសមត្ថកិច្ចដល់អនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត។
លើសពីនេះ លោក ទ្រី ដាលុច សង្ឃឹមយ៉ាងមុតមាំថា តាមរយ:សិក្ខាសាលានាថ្ងៃនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង ដើម្បីអនុវត្តនូវសិទ្ធិអំណាចដែលត្រូវបានប្រគល់ជូនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតី ទទួលខុសត្រូវខ្ពស់។
ក្នុងសិក្ខាសាលានេះ លោកអគ្គលេខាធិការរង ក៏បាននាំនូវវត្ថុអនុស្សាវរីយ៍រួមមានក្រមា, ថវិកាចំនួន ១០០,០០០រៀលក្នុងម្នាក់ និងកម្រងឯកសារ រួមមានច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធការវិនិយោគ ព្រមទាំងឯកសារបទបង្ហាញរបស់វាគ្មិនជូនដល់សិក្ខាកាមផងដែរ។
សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលា បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ និងបានចោទសួរយ៉ាងផុលផុស ព្រមទាំងសម្តែងការពេញចិត្តយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្តួចផ្តើមរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ៕