(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋប្រមាណ១០០ គ្រួសារ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៤ បានទទួលអំណោយពី លោកបណ្ឌិត សៀ សុភ័ក្ត្រ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ក្នុងពិធីមនុស្សធម៌ ចែកអង្ករ គ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសាររងហានិភ័យ និងជួបការខ្វះខាត ដោយមានកិច្ចសហការជាមួយក្រុមជំនុំក្នុងខេត្តមណ្ឌលគិរី រួមនិង អង្គការ One to One ។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកបណ្ឌិត សៀ សុភ័ក្រ្ក បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ចាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលលោកតែងតែយកចិត្តទុកដាក់ កោតសរសើបងប្អូនជនជាតិដើមភាគតិច ដែលរស់នៅភូមិភាគឥសាន រក្សាបាននូវរបាំប្រពៃណីដើម វប្បធម៌នៃការរស់នៅ អភិរក្សសំលៀកបំពាក់ ស្របតាទម្រង់ដើម គួរជាទីចាប់អារម្មណ៍ទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ លើទឹកដីសុវណ្ណភូមិនៃយើង។

សកម្មភាពមនុស្សធម៌ គឺជាការចែករំលែកសេចក្តីស្រឡាញ់ ដល់ប្រជាពលរដ្ឋ ជាជនជាតិដើមភាគតិចនៅក្នុងដំណាក់កាលអាកាសធាតុក្តៅ ដោយលោករដ្ឋលេខាធិការបានសំណូមពរប្រជាពលរដ្ឋថែទាំសុខភាព ពិសារទឹកឱ្យបានគ្រប់គ្រាន់ និងអនាម័យជាប្រចាំ។ លោកបានលើកឡើងថា អំណោយបន្តិចបន្តួចនេះគ្រាន់ជាការជួយដោះទាល់បានមួយគ្រាប៉ុណ្ណោះ សូមព្រះយេស៊ូវគ្រីស្ទ ប្រទានព្រះពរដល់ពុកម៉ែបងប្អូន ក្នុងរដូវវស្សាឈានចូលមកដល់ខាងមុខនេះ សូមព្រះប្រទានទឹកភ្លៀងទាំងមេៗ ពីដើមរដូវរហូតដល់ចុងរដូវ រាល់ការដាំដុះ ដំណាំគ្រប់ប្រភេទបានផ្លែផ្កាផលគួរជាទីគាប់ចិត្ត។

លោកបណ្ឌិតបានក្រើនរំលឹក ផ្ដើមឡើងដោយពាក្យថា «អរគុណសន្តិភាព» យើងទាំងអស់គ្នាបានរស់រានមានជីវិតមកដល់សព្វថ្ងៃ មានសុខសន្តិភាព ស្ថិរភាព ភាពត្រជាក់ត្រជុំក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍រុងរឿងឥតឈប់ឈរមកដល់សព្វថ្ងៃនេះ ដោយសារគុណបំណាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើន ឆ្ពោះទៅមុខជានិច្ច ស្មើមុខស្មើមាត់នៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិជាដើម។ល។

សូមរំលឹកថា ក្នុងពិធីនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន លោកមេភូមិ/ឃុំ ព្រមទាំងប្រជាពលរដ្ឋដែលអញ្ជើញមកទទួលអំណោយប្រមាណជា ១០០ គ្រួសារ ស្ថិតនៅ (ព្រះវិហារ នតុកនតីភូមិជ្រៃសែន) សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕