(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Enpure Limited ដឹកនាំដោយលោក Avtar Jirh នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន Enpure Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ជំនួបពិភាក្សានាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ រវាងវាងក្រសួង និងក្រុមហ៊ុន សំដៅចូលរួមអភិវឌ្ឍវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា ឱ្យកាន់តែមានភាពទំនើប តាមស្តង់ដារបច្ចេកទេស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នីតិកាលទី៧ និងអាទិភាពគន្លឹះទាំង៥ ដែលបានដាក់ចេញ៕