(កំពង់ចាម)៖ លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសបើក យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលពិធីនេះបានធ្វើឡើងនៅទីធ្លាសួនច្បារ មុខសាលាខេត្តកំពង់ចាម។

ពិធីនេះដែរមានការចូលរួមជាអធិបតីពីលោក អ៊ុច បូររិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ព្រមទាំង លោក លោកស្រី ក្រុមការងារគណបក្ស ចុះជួយខេត្តកំពង់ចាម និងសមាជិក សមាជិកា នៃ អង្គពិធី ប្រមាណជាង៣.០០០ នាក់។

លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានថ្លែងក្នុងឱកាសនោះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកអាណត្តិទី៤ ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បន្ទាប់ពីយើងទើបបានទទួលជោគជ័យខ្ទរខ្ទារក្នុងការបោះឆ្នោតព្រឹទ្ធសភានីតិកាល ទី៥ កាលពីថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងបរិយាកាសនយោបាយប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោក អ៊ុន ចាន់ដា ថ្លែងបន្តថា ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ គឺជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានការជួបជុំ បេក្ខជនក្រុមប្រឹក្សាខេត្តទាំងពេញសិទ្ធិ និងបម្រុង រួមជាមួយគណៈកម្មាធិការគណបក្ស និងសមាជិកគណបក្សពីក្រុងកំពង់ចាម ស្រុកកំពង់សៀម និងមន្ទីរអង្គភាពនានាជុំវិញខេត្តជាង៣.០០០នាក់។

សមាជិកសមាជិកាបានជួបជុំប្រារព្ធមីទ្ធីញអបអរសាទរពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅទីលានសួនមុខសាលាខេត្ត ដើម្បីបញ្ជាក់អំពីឆន្ទៈ នៃការប្ដេជ្ញាចូលរួមការបោះឆ្នោត ស្របតាមបទប្បញ្ញត្តិ និងនីតិវិធី និងច្បាប់ នៃការបោះឆ្នោត ព្រមទាំងជាការដំណើរការសកម្មភាពរបស់ក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក រួមជាមួយក្រុមការងារ និងគណបក្សនៅមូលដ្ឋា ចុះជួបជាមួយអង្គបោះឆ្នោតនៅតាមបណ្តឃុំ សង្កាត់នានា ក្នុងទូទាំងខេត្ត ឃោសនាអំពីចំណុចសំខាន់នៃគោលនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤។

លោកបានណែនាំឱ្យស្គាល់អំពីលេខរៀងរបស់គណបក្សនៅលើសន្លឹកឆ្នោតក្រុមប្រឹក្សាខេត្ត លេខរៀងនៅលើសន្លឹកឆ្នោតក្រុមប្រឹក្សា ក្រុង ស្រុក និមួយៗ បង្ហាត់បង្រៀនដល់អង្គបោះឆ្នោតអំពីការគូសសន្លឹកឆ្នោត ត្រួតពិនិត្យឯកសារ បម្រើឲ្យការបោះឆ្នោត និងការត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដើម្បីឱ្យអង្គបោះឆ្នោតបានចេញទៅបោះឆ្នោតគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

លោកសន្តិបណ្ឌិត នេត សាវឿន បានផ្តាំផ្ញើអង្គបោះឆ្នោត សូមមេត្តាថែរក្សាវត្តមាន ថែរក្សាសុខភាព និងអារម្មណ៍ត្រូវពិនិត្យឯកសារបោះឆ្នោត និងតាមដានប្រតិទិនបោះឆ្នោតជាប់ជាប្រចាំ និងគោរពខ្ជាប់ខ្ជួនតាមបទបញ្ជា បំរាម និងបទបញ្ញត្តិនានា ក្នុងស្មារតីធ្វើយ៉ាងណារក្សាឲ្យបានសំឡេង១០០ភាគរយ ដូចលទ្ធផល បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាពេលកន្លងទៅ។

គូររំលឹកដែរថា ដំណើរការបោះឆ្នោតជ្រើសជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង-ស្រុក អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ៕