(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ អំពីការបង្ហាញផ្លូវទេសចរណ៍ឥណ្ឌា (India Tourism Road Show) ដើម្បីចែករំលែកបទពិសោធន៍ និងព័ត៌មានទាក់ទង នឹងគោលដៅទេសចរណ៍ និងការគ្រប់គ្រងអភិវឌ្ឍន៍វិស័យទេសចរណ៍ របស់ប្រទេសទាំងពីរ។
កិច្ចប្រជុំដ៏មានតម្លៃនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមាន លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Naveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងមានការចូលរួម ពីក្រុមហ៊ុនទេសចរណ៍មកពីប្រទេសឥណ្ឌា, ទីភ្នាក់ងារទេសចរណ៍, ការីទេសចរណ៍ចំនួន២០ និងក្រុមហ៊ុនទេសចរណ៍កម្ពុជា មានទីភ្នាក់ងារទេសចរណ៍, ការីទេសចរណ៍, សណ្ឋាគារ, ក្រុមហ៊ុនអាកាសចរណ៍, សេវាកម្មទេសចរណ៍នានាប្រមាណ៥០ផងដែរ ដែលបានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នាសណ្ឋាគារ Intercontinental។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីចែករំលែកបទពិសោធន៍ និងព័ត៌មានទាក់ទងនឹងគោលដៅទេសចរណ៍ និងការគ្រប់គ្រងអភិវឌ្ឍន៍ វិស័យទេសចរណ៍របស់ប្រទេសទាំងពីរ ព្រមទាំងបង្កើតធុរកិច្ច ជាមួយគ្នារវាងក្រុមហ៊ុនទេសចរណ៍ នៃប្រទេសទាំងពីរ។
តាមរយៈកម្មវិធីផ្សព្វផ្សាយនេះផងដែរ ប្រទេសទាំងពីរ នឹងទទួលបានទេសចរណ៍ពីគ្នាទៅវិញទៅមក កាន់តែច្រើនថែមទៀត ពិសេសការរៀបចំអភិវឌ្ឍផលិតផល ទេសចរណ៍វប្បធម៌ ទេសចរណ៍សាសនា (Pilgrimate Tourism) ទេសចរណ៍ព្យាបាលសុខភាព (Medical Tourism) ទេសចរណ៍ថតភាពយន្ត ចម្រៀង (Film Tourism) ទេសចរណ៍ធុរកិច្ច (MICE) និងទេសចរណ៍ក្រេបចន្ទទឹកឃ្មុំ (Honeymoon Tourism) ព្រមទាំងជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ចជាមួយគ្នា និងជំរុញឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់ ឲ្យបានឆាប់ពី ឥណ្ឌាមកកម្ពុជា និងពីកម្ពុជាទៅឥណ្ឌា។
សូមបញ្ជាក់ថា ទេសចរឥណ្ឌាធ្វើដំណើរក្រៅប្រទេស ក្នុងឆ្នាំ២០១៤ មានចំនួន១៨លាននាក់ ក្នុងនេះអាស៊ានទទួលបានទេសចរឥណ្ឌា ប្រមាណ៣លាន២សែននាក់ ហើយកម្ពុជា ឆ្នាំ២០១៥ ទទួលបានទេសចរឥណ្ឌា ប្រមាណ៣ម៉ឺន៦សែននាក់ និងរយៈពេល៦ខែដើមឆ្នាំ២០១៦ ទទួលបានប្រមាណជិត៣ម៉ឺននាក់ ដែលមានអត្រាកំណើន៣២ភាគរយ៕