(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែខុសភា ឆ្នាំ២០២៤នេះ បានដឹកនាំ «បើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤»

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ មានសមាជិកក្រុមប្រឹក្សា សង្កាត់ក្នុងមុខតំណែង សរុបចំនួន ៨៩៩ រូប ក្នុងនោះ សមាជិក ក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជា មានចំនួន ៧៤៣ រូប។ ចំពោះសកម្មភាពការងារ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឈានឆ្ពោះទៅ កាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤នេះ បញ្ហាសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈ នៅទូទាំងរាជធានីភ្នំពេញមានភាពល្អប្រសើរ និងធានាប្រក្រតី ភាពនៃជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

លោក ឃួង ស្រេង បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងយកបានជ័យជំនះយ៉ាងពិតប្រាកដ ក្នុងការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៦ ខែខុសភា ឆ្នាំ២០២៤ ខាងមុខនេះ ដោយសារតែយើង មានអង្គបោះឆ្នោតសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ ដែលបានចុះឈ្មោះបោះឆ្នោត មានចំនួន ៧៤៣រូប គឺស្មើនឹងជិត ៨៣% ជាអត្រា ច្រើនលើសលុប ធៀបនឹងអង្គបោះឆ្នោតសរុបទូទាំង រាជធានីភ្នំពេញ។ គណបក្សយើងមានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ តាំងពីលើដល់ក្រោម។ គម្រោង «ព្រែកជីកហ្វូណន-តេជោ» ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោប្រធានគណបក្ស និងកំពុងជំរុញការអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី ពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ចាប់ផ្តើមឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលជាឱកាសឲ្យគណបក្សប្រជាជនកម្ពុជារាជធានី ខណ្ឌ បានផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗរបស់ក្រុមប្រឹក្សារាជធានី ខណ្ឌ អោយបានទូលំទូលាយ ដើម្បីឈានទៅដណ្តើមជ័យជំនះ នៅថ្ងៃទី២៦ ឧសភា ខាងមុខនេះ។

សម្តេចវិបុល បានបន្តថា អាជ្ញាធររាជធានី ខណ្ឌបានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ ដោយបានធ្វើឲ្យរាជធានីភ្នំពេញ រក្សាបាននៅសណ្តាប់ធ្នាប់ សន្តិសុខល្អប្រសើរ ជាមួយ និងការអភិវឌ្ឍរីកចំរើន យ៉ាងឆាប់រហ័ស។ សម្តេចបានជំរុញឲ្យក្រុមប្រឹក្សារាជធានី ខណ្ឌ អនុវត្តនូវគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលគោលនយោបាយនេះ បានធ្វើឲ្យកម្ពុជា បញ្ចប់សង្គ្រាមទាំងស្រុង។ សូមថែរក្សាសន្តិភាពឲ្យបានគង់វង្ស ជាមួយនិងការកំចាត់ពួកជ្រុលនិយម ដែលចង់បំផ្លាញសន្តិភាព។ ការពាររដ្ឋធម្មនុញ្ញា និងប្រឆាំងរាល់សកម្មភាព ដែលប៉ះពាល់ដល់ព្រះមហាក្សត្រ។

សម្តេចវិបុល បានសូមឲ្យសមាជិកក្រុមប្រឹក្សា សង្កាត់ក្នុងមុខតំណែង ដែលជាអង្គបោះឆ្នោត សូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី២៦ ខែខុសភា ឆ្នាំ២០២៤ ខាងមុខនេះ។

សម្តេចវិបុល សូមឲ្យគាំទ្រគម្រោង «ព្រែកជីកហ្វូណន-តេជោ» ដែលជាគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោប្រធានគណបក្ស និងកំពុងជំរុញការអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្លាយជាមហាចលនាជាតិ ដើម្បីឲ្យគម្រោងនេះ ទទួលបានជោគជ័យ ព្រោះថា គម្រោងនេះ មានផលប្រយោជន៍ធំធេងណាស់សំរាប់ជាតិ និងជាទ្រព្យសម្បត្តិដ៏មហាសាលរបស់ប្រជាជនកម្ពុជា៕