(ភ្នំពេញ)៖ នាយកដ្ឋានតម្កល់ឯកសារជាតិ ឬបណ្ណសារដ្ឋានជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២៦ ហើយបើគិតត្រឹមឆ្នាំ២០២៤ ឃ្លាំងផ្ទុកឯកសាររាប់ម៉ឺនពីកម្ពុជាមួយនេះ មានអាយុកាល ៩៨ឆ្នាំហើយ។ អគារប្រវត្តិសាស្ត្រមួយនេះ ស្ថិតនៅក្រោយបណ្ណាល័យជាតិកម្ពុជា។

វាគឺជាស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ នាយកដ្ឋានតម្កល់ឯកសារជាតិ ទទួលបន្ទុកគ្រប់គ្រងថែរក្សាឯកសាររដ្ឋបាលរបស់រាជរដ្ឋាភិបាល ដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងគតិយុត្ត ដើម្បីអភិរក្សទុកសម្រាប់មនុស្សសម័យបច្ចុប្បន្ន និងអនាគតប្រើប្រាស់។

ឯកសារដែលមាននៅក្នុងនាយកដ្ឋានតម្កល់ឯកសារជាតិ បានកត់ត្រាព្រឹត្តិការណ៍ និងការសម្រេចចិត្តដែលឆ្លុះបញ្ចាំងពីរដ្ឋ និងសង្គមកម្ពុជាចាប់ពី ស.វ ទី១៩ មក។ បណ្ណសារដ្ឋានជាតិកម្ពុជា គ្រប់គ្រងឯកសារដែលបានបង្កើតឡើង ឬបានប្រមូលដោយរដ្ឋបាលអាណានិគមបារាំង និងឯកសាររដ្ឋបាលរបស់រាជរដ្ឋាភិបាលចាប់ពីទទួលបានឯករាជ្យ ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដែលគ្រប់ដណ្ដប់ដោយប្រធានបទដ៏សម្បូរបែបក្នុងកំឡុងពេលជិត២សតវត្សរ៍កន្លងមក។

បណ្ណសារដ្ឋានជាតិកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការអភិរក្ស និងស្ដារឡើងវិញនូវឯកសារដែលជាប្រវត្តិសាស្រ្តជាតិ និងធ្វើការផ្សព្វផ្សាយ បណ្ដុះបណ្ដាលពីចំណេះដឹង និងបច្ចេកទេសនៃការថែរក្សាឯកសារជូនដល់មន្ត្រីនៃស្ថាប័នរដ្ឋដើម្បីរួមគ្នាថែរក្សាប្រវត្តិសាស្ត្រជាតិ។

បណ្ណសារដ្ឋានជាតិកម្ពុជា គឺជាគ្រឹះស្ថានសាធារណៈ ដែលទទួលគ្រប់សាធារណជន ដែលមានបំណងសិក្សាស្វែងយល់ស្រាវជ្រាវពីអតីតកាលរបស់កម្ពុជា។ បណ្ណសារដ្ឋានជាតិកម្ពុជា ស្វាគមន៍សិស្ស និស្សិត បញ្ញាវ័ន អ្នកស្រាវជ្រាវអប់រំ មន្ត្រីរាជការ និងសាធារណជនទាំងអស់ទៅសិក្សាស្រាវជ្រាវឯកសារដ៏សម្បូរបែបរបស់យើង៕

ប្រភព៖ បណ្ណសារដ្ឋានជាតិកម្ពុជា