(សេអ៊ូល, កូរ៉េខាងត្បូង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រុមហ៊ុន Dunamu ឱ្យពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីទទួលបានការរីកចម្រើនក្នុងគ្រាដែលកម្ពុជាកំពុងមានសក្តានុពលខ្ពស់។
ការណែនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសសម្តេចអនុញ្ញាតឱ្យលោក LIM Jihoon ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះ លោកប្រធានផ្នែកយុទ្ធសាស្ត្រ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
លោកប្រធានផ្នែកយុទ្ធសាស្រ្ត បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន Dunamu ដែលមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី និងផ្តោតលើសេវាកម្មលើវិស័យហិរញ្ញវត្ថុ ថ្នាលបច្ចេកវិទ្យា ការគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាកម្សាន្ត។ ជាមួយគ្នានេះ លោកប្រធានផ្នែកយុទ្ធសាស្ត្រ បានគោរពជម្រាបសម្ដេចធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសដទៃទៀត ដែលរួមមានកម្ពុជាជាដើម។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានផ្នែកយុទ្ធសាស្ត្រ និងសហការី និងអរគុណចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា លើវិស័យហិរញ្ញវត្ថុ។
សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងវិជ្ជមាន និងកំពុងធ្វើទំនើបកម្មលើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាមានសក្ដានុពលលើវិស័យផ្សេងៗទៀត ដូច្នេះក្រុមហ៊ុន Dunamu អាចពិនិត្យមើលឱកាសក្នុងការស្វែងរកការវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Dunamu គឺជាក្រុមហ៊ុនឯកទេសក្នុងការបង្កើតទម្រង់សម្រាប់ផ្លាស់ប្តូររូបិយប័ណ្ណ Crypto Upbit ដើម្បីផ្តល់សេវាកម្មជួញដូរ Crypto តាមរយៈទូរស័ព្ទ ដោយផ្តល់សុវត្ថិភាព និងភាពងាយស្រួលដល់អតិថិជន និងវិនិយោគិនក្នុងការធ្វើប្រតិបត្តិការ៕