(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ លោក សូ ម៉ារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌដូនពេញ, លោក សួន រិនឌី អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខណ្ឌដូនពេញ, លោក ជា ខេមា ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ, លោក ហែម អាន អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ និងលោក ចាប ឌីណា អនុប្រធានគណៈកម្មាធិការបក្សខណ្ឌដូនពេញ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងមូលដ្ឋានសង្កាត់ទាំង ១១ ខណ្ឌដូនពេញដែលមានមានការចូលរួមពីសមាជិក សមាជិការបក្សសរុបចំនួន៧៥០នាក់។

លោក សូ ម៉ារ៉ា បានថ្លែងថា យុទ្ធនាការឃោសនាបោះឆ្នោតនេះ ជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតដែលព្រះរាជាណាចក្រកម្ពុជា បានបើកទំព័រឡើងក្នុងដំណើរការពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានឱ្យកាន់តែប្រសើរថ្លៃថ្លា បន្ថែមទៀត តាមរយៈការ​បើកយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីឆ្ពោះទៅការបោះឆ្នោតជ្រើសរើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ដ៏ខ្លីខាងមុខនេះ។
លោកបានលើកឡើងថា ជ័យជម្នះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតនាពេលកន្លងទៅ ដោយសារតែអំពើល្អរបស់មន្ត្រីបក្ស មានថ្នាក់ដឹកនាំបក្សដែលពោរពេញដោយទេពកោសល្យ និងគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយការទទួលខុសត្រូវ នៅជាប់នឹងប្រជាជន និងគណបក្សមានគោលនយោបាយដ៏ត្រឹមត្រូវ ជាក់ស្តែងនិយម និងឆ្លើយតបនឹងតម្រូវការ និងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។

លោកសូមអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់នៅខណ្ឌដូនពេញ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុងស្រុកបន្តទៀត ចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានខណ្ឌ៕