(សេអ៊ូល, កូរ៉េខាងត្បូង)៖ ក្រុមហ៊ុន SK Securities ដែលជាក្រុមហ៊ុនវិនិយោគផ្នែកហិរញ្ញវត្ថុ​របស់​កូរ៉េខាងត្បូង បានបង្ហាញបំណងបើកការវិនិយោគនៅកម្ពុជា ជាមួយជំនឿចិត្តថា បរិយាកាសវិនិយោគនៅកម្ពុជា កាន់តែល្អប្រសើរក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ក្រុមហ៊ុន SK Securities គឺជាក្រុមហ៊ុនវិនិយោគវិស័យហិរញ្ញវត្ថុ និងបានបង្កើត​ឡើង​ក្នុងឆ្នាំ១៩៥៥។ SK Securities ធ្លាប់ទទួលបានពានរង្វាន់លេខ១ ក្នុងការវាយតម្លៃម៉ាក និងសេវាកម្មផ្សេងៗ តាមរយៈការចេញផ្សាយប្រព័ន្ធជួញដូរ និងកម្មវិធីទូរស័ព្ទដែលមានឈ្មោះថា JOOPASOO។

លើសពីនេះ SK Securities ក៏ធ្លាប់បានទទួលជ័យលាភីលេខ១ លើការវាយតម្លៃប្រព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុងរបស់ខ្លួនរយៈពេលប្រាំបួនឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១១ ហើយបានទទួលពានរង្វាន់ «Korea Exchange Compliance Awards» ចំនួនបួនដងក្នុងឆ្នាំ ២០១២, ២០១៤, ២០១៥ និង២០១៩។

ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ លោក JEON Woo Jong នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities បានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ។ លោកនាយកប្រតិបត្តិ ក៏បានជម្រាបសម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្ម​របស់​ក្រុមហ៊ុន SK Securities ដែលកំពុងមានប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងធនាគារ ផ្នែកមូលនិធិអាកាសធាតុបៃតង និងមូលនិធិការកសាងគម្រោងផ្សេងៗទៀត។

ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ ក៏បានបង្ហាញទស្សនៈប្រកបដោយជំនឿមុតមាំថា ក្រោមការ​ដឹកនាំ​របស់សម្ដេចធិបតី នឹងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា​ប្រកបដោយភាពកក់ក្ដៅ និង​មាន​ទំនុកចិត្តខ្ពស់ ហើយលោកនាយកប្រតិបត្តិក៏បានបង្ហាញចំណាប់អារម្មណ៍​លើការវិនិយោគ​ក្នុង​វិស័យហិរញ្ញវត្ថុនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ប្រកបដោយរីករាយ​ចំពោះការជួបពិភាក្សាការងារ​ជាមួយ​លោកនាយកប្រតិបត្តិ និងសហការី និងបានអរគុណក្រុមហ៊ុន SK Securities ដែល​បានបង្ហាញពីបំណងដាក់ទុនវិនិយោគនៅកម្ពុជា។

ទន្ទឹមនេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនកូរ៉េ កំពុងវិនិយោគនៅកម្ពុជា ដែល​បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ពាក់ព័ន្ធ​វិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា សម្ដេចធិបតីបានគូសបញ្ជាក់ថា ទោះបីជាទីផ្សាររបស់​កម្ពុជា​នៅមានទំហំតូច ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ និងធ្វើទំនើបកម្មផ្នែកហិរញ្ញវត្ថុ និងធនាគារនេះ។ សម្ដេចធិបតី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀម​ខ្លួនរួចជា​ស្រេចផ្តល់ការគាំទ្រ និងសម្របសម្រួលក្រុមហ៊ុនដែលមានបំណងវិនិយោគលើវិស័យនេះ។

ចំពោះគម្រោងអាកាសធាតុបៃតងវិញ សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាកំពុងតែយក​ចិត្ត​ទុក​ដាក់ និងបោះជំហានទៅមុខលើការអភិវឌ្ឍបច្ចេកវិទ្យាបៃតងដោយរាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់អាទិភាពលើការផលិតថាមពលអគ្គិសនីស្អាត តាមរយៈការប្រើប្រាស់ថាមពលវារីអគ្គសនី ថាមពលពន្លឺព្រះអាទិត្យ និងប្រភពថាមពលកកើតឡើងវិញផ្សេងៗទៀតផងដែរ។

សម្ដេចធិបតី បានបញ្ជាក់ផងដែរថា ដើម្បីធានាបានបរិយាកាសនៃការប្រកួតប្រជែង និងការធ្វើ​ធុរ​កិច្ច រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់លើការធានាសុខសន្តិភាព ស្ថិរភាពនយោ​បាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្តដល់វិនិយោគិន។ សម្ដេចធិបតី បានលើក​ទឹក​ចិត្ត​ឱ្យក្រុមហ៊ុន SK Securities ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុង​កិច្ចសហការ​ជាមួយនឹងស្ថាប័នពាក់ព័ន្ធលើវិស័យសក្ដានុពលនានាក្នុងព្រះរាជាណាចក្រកម្ពុជា៕