(ភ្នំពេញ)៖ លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបំពេញទស្សនកិច្ចនៅប្រទេសហ្សកហ្ស៉ី នៅថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសស្នាក់នៅទីក្រុងប៊ីលីស៊ី លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការបានចូលជួបសម្តែងការគួរសមជាមួយ លោក Ilia Darchiashvili រដ្ឋមន្ត្រីក្រសួងការបរទេសហ្សកហ្ស៉ី។ លោករដ្ឋលេខាធិការ និងរដ្ឋមន្រ្តីការបរទេសហ្សកហ្ស៊ី បានវាយតម្លៃខ្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ រដ្ឋលេខាធិការ និងរដ្ឋមន្រ្តីការបរទេសហ្សកហ្ស៉ី បានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលជាផលប្រយោជន៍រួម។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ីលីស៊ី លោក ឃួន ផុនរតនៈ បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសទាំងពីរជាមួយ លោក Alexander Khvtisiashvili អនុរដ្ឋមន្ត្រីក្រសួងការបរទេសហ្សកហ្ស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ភាគីទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់ទ្វេភាគីនេះ ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នាពេលអនាគត ដែលនឹងត្រួសត្រាយផ្លូវ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាពិសេស ការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងហ្សកហ្ស៊ី៕