(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងធនាធានទឹក និងឧតុនិយម លោក លឹម គានហោ បានចេញសេចក្ដី ជូនដំណឹង ស្ដីពីស្ថានភាពបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបានបញ្ចាក់ថា តំបន់ខ្ពង់រាបនឹងមានភ្លៀកធ្លាក់ច្រើនជាប់ៗគ្នាខណៈតំបន់ មាត់សមុទ្រមានសភាពអាប់អួរខ្លាំង និងរលកខ្ពស់ៗ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១៦។
ក្រសួងបញ្ជាក់ថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមកឃើញថា ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប ដែលបានអូសកាត់ពីលើអាងទន្លេ និងវិសម្ពោធដែលកំពុងស្ថិតនៅ ក្នុងសមុទ្រចិនខាងត្បូង បានធ្វើឲ្យមានភ្ងៀងធ្លាក់ជាបន្តបន្ទាប់ដែលអាច ឲ្យតំបន់ខ្លះ លើសពី១០០mm /២៤h វិសម្ពាធនេះ នឹងធ្វើដំណើរទៅដល់ឆ្នេរប្រទេសវៀតណាម នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ រួចបន្ត ដំណើរការកាត់តំបន់ខ្ពង់រាប ចន្លោះព្រំប្រទល់កម្ពុជា-ឡាវ។
លោក លឹម គានហោ បន្ថែមថា «ស្ថានភាពបែបនេះនឹងបង្កឲ្យភ្លៀងបន្តធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌទូទៅប្រទេស រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ពិសេសតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា នៅលើផ្ទៃសមុទ្រនឹងមានសភាពអាប់អួរខ្លាំង ជាមួយនឹងរលកខ្ពស់ៗ ជាពិសេសតំបន់ខ្ពស់ៗ ជាពិសេសចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០១៦»៕