(ភ្នំពេញ)៖ តំណាងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ គឺលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ បានអញ្ជើញនាំយកបច្ច័យមួយចំនួន ចូលរួមបុណ្យមរណភាពចំពោះក្រុមគ្រួសារនៃសព មេ៥០ខ្នងម្នាក់ បន្ទាប់ពីលោកស្រីអភិបាលរងខណ្ឌ មានការរួមដំណើរដោយនាយករងរដ្ឋបាលខណ្ឌ និងសមាជិកាសមាគមនារីខណ្ឌ-សង្កាត់ ជាមួយសប្បុរសជនលោកស្រី វុធ ពិសី បានឆ្លៀតចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ (អង្ករ-មី-ត្រីខ) និងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋពិការភាព និងមានជម្ងឺជួបការខ្វះខាតនៅតាមខ្នងផ្ទះ។

លោកស្រី សួស សូលីដា បានចែកជូនពលរដ្ឋនៅសង្កាត់ស្វាយប៉ាក និងសង្កាត់ទួលសង្កែទី១។

លោកស្រី សួស សូលីដា និងក្រុមការងារសមាជិកាសមាគមនារីខណ្ឌ-សង្កាត់ ឆ្លៀតក្នុងឱកាសនេះ បានពាំនាំការផ្ដាំផ្ញើរសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ និងសូមជូនពរឆាប់ធូរស្រាលពីជម្ងឺឡើងវិញ ពីសំណាក់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ពិសេស សំដៅលើជីវភាពរស់នៅចិញ្ជឹមជីវិត និងការខិតខំតស៊ូ និងថែទាំសុខភាពឲ្យបានល្អប្រសើរបន្តទៀត ដោយមានក្ដីសង្ឃឹមជានិច្ច ក្រោយពីថ្នាក់ដឹកនាំខណ្ឌទទួលបានសេចក្ដីរាយការណ៍ជាក់លាក់ និងចំគោលដៅពិតប្រាកដ ថាជាប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ពីសេនាធិការចៅសង្កាត់ មេភូមិ និងក្រុមការងារពាក់ព័ន្ធ ដើម្បីមានវិធានការ៕