(ស៊េអូល, កូរ៉េខាងត្បូង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញគំនិតផ្តួចផ្តើមចំនួនពីរ ដើម្បីជំរុញការធ្វើធុរកិច្ច និងការវិនិយោគរបស់វិនិយោគិនកូរ៉េនៅកម្ពុជា។
នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ក៏មិនខុសពីដំណើរទស្សនកិច្ចនៅប្រទេសដទៃទៀតនោះដែរ គឺមិនរំលងនោះឡើយវេទិកាធុរកិច្ច ដែលជាវេទិកាដ៏មានសារសំខាន់សម្រាប់ទាក់ទាញការវិនិយោគ។
វេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ មានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបជាង ៣០០នាក់ តំណាងឱ្យ១៩៨ក្រុមហ៊ុន។
បើទោះបីរវល់នឹងកម្មវិធីជំនួបនៃដំណើរទស្សនកិច្ចយ៉ាងណាក្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតអញ្ជើញជាអធិបតីបើកវេទិកានេះ និងថ្លែងបង្ហាញគោលនយោបាយនានាពាក់ព័ន្ធការវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគរបស់កូរ៉េចូលមកកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញសូចនាករសំខាន់ៗមួយចំនួន ដែលនឹងជួយឱ្យការវិនិយោគរបស់កូរ៉េទទួលបានការរីកចម្រើននៅកម្ពុជា។ សូចនាករដែលសម្តេចធិបតី បានលើកបង្ហាញនោះ មានដូចជាទំនាក់ទំនងល្អរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក៏ដូចជាក្នុងក្របខណ្ឌនៃប្រជាជនប្រទេសទាំងពីរ, ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ, ទីផ្សារដ៏ធំរបស់កម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌអាស៊ាន អាស៊ានបូកជាមួយដៃគូ អាសិប (RCEP) ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និង កម្ពុជា-អេមីរ៉ាតអារ៉ាប់រួមជាដើម។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តល់ការគាំទ្រខ្ពស់ចំពោះវិស័យឯកជន និងការវិនិយោគពីបរទេស ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានភាពល្អប្រសើរមុនពេលការរាតត្បាតនៃជំងឺកូវីដ១៩ ដែលរក្សាកំណើនបានក្នុងរង្វង់៧ភាគរយប្រមាណ ២ទសវត្សរ៍ និងកំពុងទទួលបានស្ថានភាពកំណើនល្អប្រសើរឡើងវិញ ក្រោយការរាតត្បាតជំងឺកូវីដ១៩។
ក្រៅពីលើកបង្ហាញនូវសូចនាករទាំងឡាយខាងលើនេះទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់អ្នកវិនិយោគចូលរួមក្នុងវេទិកានោះថា នៅក្នុងជំនួបជាមួយលោក យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចបានដាក់ចេញគំនិតផ្តួចផ្តើមចំនួនពីរ ដើម្បីគាំពារ និងសម្រួលដល់ការវិនិយោគរបស់កូរ៉េនៅកម្ពុជា។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត គំនិតផ្តួចផ្តើមថ្មីដែលបានដាក់ចេញនោះ ទីមួយ គឺការបង្កើតយន្តការពិគ្រោះយោបល់ ដែលធុរកិច្ចកូរ៉េអាចជួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពីរដងក្នុងមួយឆ្នាំ។ ជំនួបនេះ ក្នុងគោលបំណងផ្តល់ឱកាសឱ្យធុរកិច្ចកូរ៉េបានជួបផ្ទាល់ជាមួយស្ថាប័នរាជរដ្ឋាភិបាល ដែលទទួលខុសត្រូវលើការវិនិយោគចំនួនពីរដងក្នុងមួយឆ្នាំ។
សម្តេចធិបតី បានបញ្ជាក់ថា ជំនួបបែបនេះ កម្ពុជាបានធ្វើជាមួយប្រទេសជប៉ុន ហើយបានបង្កើតសហគមន៍ពាណិជ្ជកម្មនេះនៅអាមេរិក និងអឺរ៉ុប។ សម្តេចធិបតី បានបញ្ជាក់ថា ឥឡូវនេះ កម្ពុជា កំពុងបង្កើតសហគមន៍ធុរកិច្ច និងការវិនិយោគរបស់កូរ៉េនៅកម្ពុជា ដើម្បីធានាថាបញ្ហារបស់អ្នកធ្វើធុរកិច្ច អ្នកវិនិយោគ បានយកចិត្តទុកដាក់ និងរួមគ្នាស្វែងរកដំណោះស្រាយទាន់ពេលវេលា ព្រោះកម្ពុជាយកចិត្តទុកដាក់លើអាជីវកម្មដែលមានស្រាប់នៅកម្ពុជា។
«គំរូរបស់យើង គឺការពារអ្វីដែលមានស្រាប់ ខណៈពេលដែលទាក់ទាញអ្វីថ្មី។ ប្រសិនបើយើងមិនអាចការពារអាជីវកម្មដែលមានរួចហើយនៅក្នុងប្រទេសកម្ពុជា និងបង្កើតបរិយាកាសឱ្យពួកគេរីកចម្រើននោះ យើងមិនរំពឹងថានឹងទាក់ទាញការវិនិយោគថ្មីនោះទេ។ នេះគឺជាការពិត។ ដូច្នេះ នេះជាអាទិភាពរបស់រដ្ឋាភិបាល»។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធលើគំនិតផ្តួចផ្តើមទីមួយ។
សម្រាប់គំនិតផ្តួចផ្តើមទីពីរ គឺបង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្តាច់មុខសម្រាប់ក្រុមហ៊ុនកូរ៉េ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះជាគោលបំណងដើម្បីបង្កើតបរិយាកាសមួយដែលធុរកិច្ចកូរ៉េ អាចបង្កើតប្រព័ន្ធអេកូឡូស៊ី ឬគំរូខ្សែច្រវាក់ផ្គត់ផ្គង់ ដែលរដ្ឋាភិបាលកម្ពុជាអាចជាដៃគូក្នុងការផ្តល់ដំណោះស្រាយ បង្កើតឡើងតាមតម្រូវការទាន់ពេលវេលាដល់សហគមន៍ធុរកិច្ចកូរ៉េ។ សម្តេចធិបតី បានឱ្យដឹងថា ក្រុមការងាររវាងកូរ៉េ និងកម្ពុជាអាចត្រូវបានបង្កើតឡើងក្នុងពេលឆាប់ៗនេះ។
សម្តេចធិបតី បានគូសរំលេចទៅកាន់អ្នកវិនិយោគកូរ៉េខាងត្បូងថា «តាមរយៈគំនិតផ្តួចផ្តើមទាំងពីរនេះ យើងសង្ឃឹមថា យើងស្វែងរកវិធីប្រកបដោយភាពច្នៃប្រឌិត និងឆ្លើយតបកាន់តែច្រើន ដើម្បីដោះស្រាយកង្វល់របស់អាជីវកម្មដែលមានស្រាប់ ខណៈពេលដែលផ្តល់ឱកាស និងគំរូក្នុងការបំពេញតម្រូវការអាជីវកម្មពីប្រទេសកូរ៉េនាពេលខាងមុខនេះ។ នេះជាអ្វីដែលជាការលើកទឹកចិត្ត និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់យើង ក្នុងការព្យាយាមកែលម្អភាពទាក់ទាញ និងសមស្របទៅនឹងតម្រូវការរបស់អ្នកនៅក្នុងប្រទេសកម្ពុជាសម្រាប់ធុរកិច្ចកូរ៉េ ហើយយើងសង្ឃឹមថាអ្នកឆ្លៀតយកឱកាសដើម្បីស្វែងយល់ពីគំនិតផ្តួចផ្តើមថ្មីនេះ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថា តាមរយៈគំនិតផ្តួចផ្តើមថ្មីនេះ អាជីវកម្មកាន់តែច្រើន និងវិស័យឯកជនកាន់តែច្រើនពីប្រទេសកូរ៉េ ស្វែងរកប្រទេសកម្ពុជាជាដៃគូដ៏ល្អសម្រាប់ការវិនិយោគ និងធ្វើធុរកិច្ច។
សូមបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី សរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣កន្លងមកនេះ។ លើសពីនេះ ការវិនិយោគដោយផ្ទាល់ពីវិនិយោគិនសាធារណរដ្ឋកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ជាង ៥ពាន់លានដុល្លារនិយាយជារួម និងមានចំនួនប្រមាណ ៣០លានដុល្លារ ឈរលើលេខរៀងទី៩ ក្នុងឆ្នាំ២០២៣កន្លងទៅ។
កម្ពុជា-កូរ៉េ ក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ជាមួយគ្នាផងដែរ កាលពីខែធ្នូ ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងផ្តល់ភាពងាយស្រួល ដល់វិនិយោគិនកូរ៉េក្នុងការបណ្តាក់ទុន និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ ជាមួយនឹងកាលានុវត្តភាពជាច្រើនក្នុងស្រុក រួមជាមួយនឹងគោលការណ៍អនុគ្រោះការវិនិយោគ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលនឹងផ្តល់លក្ខខណ្ឌពិសេសជាច្រើន ជួយសម្រួលដល់វិនិយោគផងដែរ៕