(ភ្នំពេញ)៖ កំពង់ផែទឹកជ្រៅកំពតផត ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែក្រោយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំចូលវត្ថុធាតុដើមសម្រាប់រោងចក្រស៊ីម៉ង់ត៍ ,សំរាប់រោងចក្រវាយនភណ្ឌ, រោងចក្រស្បែកជើង និង ផលិតផលកសិកម្មកម្ពុជា។ នេះបើតាម អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត , អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានសមាគមន៏ឧកញ៉ាកម្ពុជា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

កំពង់ផែអន្តរជាតិរបស់កម្ពុជាមួយនេះ មានផ្ទៃដី២០៧ហិកតា ស្ថិតនៅសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ដែលជាគម្រោងវិនិយោគដោយក្រុមហ៊ុនឯកជនក្នុងស្រុក ១០០ភាគរយ ក្នុងទំហំថវិការ១៤០លានដុល្លារ។ កំពង់ផែទឹកជ្រៅថ្មីនេះ បានចំណាយពេលសាងសង់អស់រយៈពេល៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤។ កំពង់ផែកំពតផត នឹងអាចឱ្យនាវាដឹកទំនិញចំណុះ ២០.០០០ តោន អាចចូលបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ២០០.០០០ TEU នៅក្នុងដំណាក់កាលទី១ ឆ្នាំ២០២៤ និងប្រមាណ ៦០០.០០០ TEU សម្រាប់ដំណាក់កាលបន្តបន្ទាប់ទៀត។
គម្រោងវិនិយោគក្នុងដំណាក់កាលទី១ នេះចំណាយថវិការអស់សរុប ១៤០ លានដុល្លារ លើការសាងសង់គម្រោងមួយចំនួនមានជាអាទិ៍ ៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញចេញចូលគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ និងចំណតនាវា ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ និងកពង់ផែក្រុងព្រះសីហនុ។

អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត បានឱ្យដឹងថា «លក្ខណៈពិសេស គឺយើងអាចនាំចូលវត្ថុធាតុដើមសំរាប់រោងចក្រវាយនភណ្ឌ, រោងចក្រស្បែកជើង ។ល។ វត្ថុធាតុដើមសម្រាប់រោងចក្រស៊ីម៉ង់ត៍ ដែលបច្ចុប្បន្ននេះយើងមានរោងចក្រស៊ីម៉ង់ចំនួន៦ ក្នុងនោះខេត្តកំពតមានរោងចក្រស៊ីម៉ង់ត៍ ៤ ខេត្តកំពង់ស្ពឺមាន ១ និងខេត្តបាត់ដំបងមាន ១ ហើយរោងចក្រទាំងអស់នេះ ត្រូវការដឹកនាំវត្ថុធាតុដើមចូលដូចជា ម្នាងសិលា»។ល។

អ្នកឧកញ៉ា វិញ ហ៊ួរ បានបញ្ជាក់បន្ថែមទៀតថា៖ កំពង់ផែទឹកជ្រៅកំពតផត នឹងកាន់តែមានសក្តានុពល ដើរតួនាទីយ៉ាងសំខាន់ថែមទៀតក្នុងការនាំចូលនូវវត្ថុធាតុដើមសម្រាប់រោងចក្រស៊ីម៉ង់ត៍ និងវត្ថុធាតុដើមសំរាប់រោងចក្រវាយនភណ្ឌ, រោងចក្រស្បែកជើង ក្នុងនោះកំពង់ផែកំពតនឹងនាំចេញនូវផលឹតផលវាយនភណ្ឌ , ស្បែកជើង និងផលឹតផលកែឆ្នៃសំរេចគ្រប់ប្រភេទនាំចេញទៅសហរដ្ឋអាមេរិក, សហគមន៏អីរ៉ុប ។ល។ កំពង់ផែកំពតក៏មានតួនាទីសំខាន់ក្នុងការប្រមូលផ្តុំនាំចេញនូវផលឹតផលកសិកម្មនៅតាមបណ្តាខេត្តជុំវិញទន្លេរសាប នៅពេលដែលកម្ពុជាសាងសង់ព្រែកជីកហ្វូណនតេជោ នៅពេលខាងមុខនេះផងដែរ។
មិនត្រឹមតែជួយជំរុញ និងលើកកម្ពស់ការនាំចេញនាំចូលនោះទេ កំពង់ផែនេះ ក៏នឹងជួយបង្កើនការងារនៅក្នុងខេត្តកំពត និងតំបន់ជុំវិញទៀតផង។ អ្នកឧកញ៉ាបានបញ្ជាក់បន្ថែមថា តាមរយៈកំពង់ផែទឹកជ្រៅនេះ ក៏នឹងផ្តល់នូវការងារដល់ប្រជាជន ក្នុងខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ស្ពឺផងដែរ។ លោកបញ្ជាក់ថា «កំពង់ផែកំពត ក៏នឹងចូលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន ដោយផ្តល់ការងារដល់ប្រជាជន និងធ្វើឱ្យមានការរីកចម្រើនដល់វិស័យទេសចរ ពាណិជ្ជកម្ម»។ល។

កំពង់ផែកំពតផតនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រំពឹងថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀតសម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា ជាពិសេស កំពង់ផែនេះ នឹងបម្រើដល់ការលើកដាក់ ដាក់ទំនិញទូទៅ កុងតឺន័រ និង អ្នកដំណើរជាដើម៕