(ភ្នំពេញ)៖ លោក អ៊ុន សាន អនុប្រធាននាយកដ្ឋានការពារសុខភាព និងជាប្រធានគណ:គិលានុបដ្ឋាកកម្ពុជា បានឱ្យដឹងថា គិលានុដ្ឋាក គឺជាអ្នកដែលនៅផ្ទាល់ជាមួយអ្នកជំងឺច្រើនជាងគេ ដែលបានដឹងពីសុខទុក្ខ និងការវិវឌ្ឍន៍ស្ថានភាពសុខភាពរបស់អ្នកជំងឺ ដូច្នេះទាមទារត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមចំណែកជំរុញការផ្ដល់សេវាទាំថែ និងលើកកម្ពស់សុខភាពជូនអ្នកជំងឺ និងប្រជាពលរដ្ឋ ប្រកបដោយគុណភាពយ៉ាងពិតប្រាកដ។
ការថ្លែងបែបនេះរបស់លោក ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល ក្រោមប្រធានបទ ស្តីពី «ក្រមសីលធម៌គិលានុបដ្ឋាកកម្ពុជា និងនិយាមនៃការអនុវត្តរបស់គិលានុបដ្ឋាក» ដែលប្រព្រឹត្ដទៅនៅមន្ទីរពេទ្យព្រះអង្គឌួង ក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
លោក អ៊ុន សាន បានថ្លែងបន្ដថា គិលានុបដ្ឋាក ជាកម្លាំងចលករ របស់ក្រសួងសុខាភិបាល ដែលជាអ្នកជំរុញឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល ក្នុងការផ្តល់សេវាថែទាំប្រកបដោយគុណភាព និងលើកកម្ពស់សុខភាពអ្នកជំងឺ និងប្រជាពលរដ្ឋ។ ដូចនេះសមត្ថភាពរបស់គិលានុដ្ឋាកដែលត្រូវប្រកាន់ខ្ជាប់ជានិច្ច គឺមាន៥ចំណុច៖
១៖ អនុវត្ដឱ្យបានត្រឹមត្រូវលើក្រមសីលធម៌វិជ្ជាជីវៈ បើអនុវត្ដមិនត្រឹមត្រូវ មានន័យថាគិលានុដ្ឋាកគ្មានសមត្ថភាព ហើយនឹងមានផលប៉ះពាល់ទៅលើអ្នកជំងឺ
២៖ ត្រូវមានភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងក្នុងការថែទាំ
៣៖ ត្រូវមានការសិក្សាស្រាវជ្រាវ និងការអនុវត្ដ
៤៖ ត្រូវតែពង្រឹងវិជ្ជាជីវៈរបស់ខ្លួន និងបន្ដបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍចំណេះជំនាញ
៥៖ ត្រូវពង្រឹងវិជ្ជាជីវៈគិលានុបដ្ឋាក ពិសេសការយកទៅអនុវត្ដនៅក្នុងមន្ទីរពេទ្យ
«សមត្ថមភាពទាំង ៥ចំណុច ដែលយើងបានពង្រឹង និងយកអនុវត្ដឱ្យបានត្រឹមត្រូវ នោះយើងនឹងមានគុណភាពក្នុងការផ្ដល់សេវាគ្រប់គ្រងថែទាំជូនអ្នកជំងឺយ៉ាងពិតប្រាកដ»។ ក្នុងឱកាសនោះលោកក៏បាន ជំរុញឱ្យគិលានុដ្ឋាកទាំងអស់ ត្រូវចុះបញ្ជិការ និងមានអាជ្ញាបណ្ណត្រឹមត្រូវ។
ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ លូ លីឃាង បានថ្លែងថា លោកពិតជាមានសេចក្ដីសប្បាយរីករាយ ដែលបុគ្គលិករបស់មន្ទីរពេទ្យព្រះអង្គឌួង បានទទួលបានការបណ្ដុះបណ្ដាលជាលើកទី២ ក្នុងការឆ្នាំនេះ។ លោកនាយកមន្ទីរពេទ្យរូបនេះ ក៏បានជំរុញដល់បុគ្គលិករបស់ខ្លួន ត្រូវតែត្រង់ត្រាប់ឱ្យបានល្អប្រកបដោយការយកចិត្ដទុកដាក់ខ្ពស់ ក្នុងវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់មួយនេះ ដើម្បីយកទៅអនុវត្ដន៍ផ្ទាល់បានជោគជ័យ។
លោកសាស្ដ្រាចារ្យបានបន្ថែមថា «បុគ្គលិកផ្នែកគិលានុដ្ឋាក ក៏ដូចជាផ្នែកផ្សេងៗ កន្លងមក គឺតែតែងតែគោរពនូវក្រមសីលធម៌វិជ្ជាជីវៈបានត្រឹមត្រូវ ហើយមានពាក្យសំដីយ៉ាងពិរោះវាចាទៅកាន់អ្នកជំងឺ ។ប៉ុន្ដែតែទន្ទឹមនឹងនោះ យើងត្រូវតែបន្ដរៀនសូត្របន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួនជាបន្ដបន្ទាប់ និងបំពេញនូវភាពចន្លោះណាមួយ»។
ជាមួយគ្នានេះដែរ លោកសាស្ដ្រាចារ្យ លូ លីឃាង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ លោកអនុបណ្ឌិត អ៊ុន សាន ដែលចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីបណ្ដុះបណ្ដាលដល់ក្រុមគ្រូពេទ្យគិលានុដ្ឋាកទាំងអស់នៃមន្ទីរពេទ្យព្រះអង្គឌួង ។លោកសាស្ដ្រាចារ្យក៏សង្ឃឹមយ៉ាងមុតមាំថា ការបណ្ដុះបណ្ដាលនេះ នឹងមានជាបន្ដបន្ទាប់ ដើម្បីគិលានុដ្ឋាក គិលានុដ្ឋាកយិការ និងឆ្មប យើងមានក្រមសីលធម៌កាន់តែល្អ បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ កាន់តែប្រសើរបន្ថែមទៀត។
ក្នុងឱកាសនោះដែរ លោកស្រី អ៊ីន វិជ្ជរ៉ា ប្រធានគណៈគិលានុបដ្ឋាកនៃមន្ទីរពេទ្យព្រះអង្គឌួង តំណាងឱ្យគិលានុដ្ឋាកទាំងអស់ បានឡើងប្ដេជ្ញាចិត្ដ ក្នុងការអនុវត្ដនូវភារកិច្ចការងារឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ ដើម្បីមើលថែអ្នកជំងឺឱ្យល្អ ប្រកបដោយគុណភាពខ្ពស់៕