(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចប្រមាណ៣០-៤០ឡាន និងកម្លាំងជើងទឹកផងដែរ បានចេញល្បាតចល័តនៅក្បែរគណបក្សសង្គ្រោះជាតិ ម្តុំចាក់អង្រែលើ និងចាក់អង្រែក្រោមបន្ទាប់ពីមានការព្រមានធ្ងន់ៗ និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជុំវិញការប្រកាសធ្វើមហាបាតុកម្មខុសច្បាប់របស់គណបក្សសង្គ្រោះជាតិ។
ការចេញល្បាតពីសំណាក់កងកម្លាំងសមត្ថកិច្ចជាច្រើនឡាននៅយប់នេះ ត្រូវបានមន្រ្តីរាជរដ្ឋាភិបាលអះអាងថា «គឺដើម្បីជាការពង្រឹង និងធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប និងជូនប្រទេសជាតិ»។
ភ្នាក់ងារ Fresh News បានរាយការណ៍ពីមុខស្នាក់ការគណបក្សប្រឆាំងបានឲ្យដឹងថា មានរថយន្តយោធាប្រភេទដំរីទឹកប្រមាណ២០គ្រឿង និងរថយន្តប្រភេទមួយបាំងកន្លះប្រមាណ១៦គ្រឿង បានចល័តចុះឡើង នៅម្តុំក្បែរទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅយប់ថ្ងៃទី១២ ខែកញ្ញានេះ។ (ទស្សនាវិដេអូខាងក្រោម)
ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ Fresh News នៅព្រលប់ថ្ងៃទី១២ ខែកញ្ញាថា ទោះជាប្តូរក្នុងតម្លៃណាក៏ដោយ សម្តេចនឹងមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្មនោះទេ។ សម្តេចបានបញ្ជាឲ្យសម្តេចក្រឡាហោម ស ខេង និងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមបង្ក្រាបមហាបាតុកម្មខុសច្បាប់ របស់គណបក្សសង្គ្រោះជាតិ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយចាត់ទុកថា គម្រោងធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា និងបង្កអសន្តិសុខដល់ប្រទេសជាតិ ហើយរាជរដ្ឋាភិបាលនឹងកំចាត់ចោល កម្លាំងណាក៏ដោយដែលល្មើសច្បាប់៕