(សៀមរាប)៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ នៃរដ្ឋបាលខេត្ត អាណត្តិទី៣ ប្រចាំខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការចូលរួមសមាជិក សមាជិកាគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត មន្ទីរពាក់ព័ន្ធ និង អង្គការដៃគូរជាច្រើនរូបផងដែរ។

ថ្លែងនាឱកាសនោះ លោកស្រី ស៊ិន ណម បានលើកឡើងថា ដើម្បីធ្វើការពិនិត្យលើការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ ក ស ក)ខេត្ត សម្រាប់ខែឧសភា ក្នុងការងារលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលមានស្រាប់សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ នៅខេត្តសៀមរាប ដែលអនុវត្តក្នុងពេលកន្លងមក។

លោកស្រីបន្តថា កិច្ចប្រជុំនាពេលនេះពិតជាមានសារ:សំខាន់ចំពោះការសិក្សាលើភាពខ្វះចន្លោះនៃច្បាប់ និងការអនុវត្ត បញ្ហាប្រឈមដែលរាំងស្ទះដល់ប្រសិទ្ធភាព នៃការអនុវត្ត និងការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំណុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ អាចលើកឡើង ក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អរឲ្យកាន់តែល្អប្រសើរឡើង។

លោកស្រី ស៊ិន ណម ក៏បានធ្វើការណែនាំនិងជំរុញបន្ថែមទៅដល់សមាជិក គ.ក.ស.ក. ត្រូវបន្តយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រីនិងកុមារ ការលើកកម្ពស់ សីលធម៌សង្គមពង្រឹងភាពអង់អាចដល់ស្ត្រី ជួយអន្តរាគមន៍ជនរងគ្រោះនិងងាយរងគ្រោះ ដោយអំពើហិង្សាក្នុងគ្រួសារ និងជម្រុញការអប់រំកុមារតូចៗដែលគ្រប់អាយុចូលរៀនបានទៅចូលរៀននៅ តាមមត្តេយ្យរដ្ឋនិង សហគមន៍ ព្រមទាំងលើកកម្ពស់សុខខមាលភាពមាតានិងទារក មុនពេលសម្រាលនិងក្រោយពេលសម្រាលឲ្យបានល្អប្រសើរបំផុត។

លោកស្រី ស៊ិន ណម ក៏បានជំរុញឲ្យកិច្ចប្រជុំធ្វើកិច្ចពិភាក្សាទៅលើករណីការរំលោភបូក លើកកុមារីម្នាក់នៅខេត្តសៀមរាប និងពិភាក្សាទៅលើស្ថានភាពស្ត្រី យុវជន កុមារ និងជនងាយរងគ្រោះ ទៅតាមវិស័យ ដែលមានការពាក់ពា័ន្ធ រួមមាន វិស័យអប់រំ សុខភាព អនាម័យទឹកស្អាត សន្តិសុខស្បៀង សង្គមកិច្ច ពលកម្មកុមារ និងសមភាពយេនឌ័រ សន្តិសុខ សណ្តាប់ធ្នាប់ និងធម្មការសាសនាផងដែរ។

ឆ្លងតាមកិច្ចពិភាក្សាយ៉ាល្អិតល្អន់មក កិច្ចប្រជុំបានរកឃើញនូវគន្លឹះល្អៗ ជាមូលដ្ឋានគ្រឹះសម្រាប់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត យកអនុវត្តបន្តនូវត្រីមាសទី៣ ឆ្នាំ២០២៤រួចមក។

លោកស្រី ស៊ិន ណម ក៏បានលើកនូវសំណូមពរមួយចំនួន និងជម្រុញដល់សមាជិក គ.ក.ស.ក.ត្រូវបន្តយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រីនិងកុមារ និងបង្កើននូវកិច្ចទំនាក់ទំនងល្អនៅក្នុងមូលដ្ឋាន សំខាន់នៅក្រុងរុនតាឯកតេជោសែន លើការពង្រីកនូវមត្តេយ្យសហគមន៍ សុខភាព អនាម័យ និងសូមឲ្យអង្គការដៃគូរ ក្នុងការចូលរួម ជាសំខាន់លើការងារ ការប្រមូលក្រុមជនអនាថា ដែលបង្កភាពអាណាធិបត្តេយ្យនៅក្នុងក្រុង ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភ្ញៀវទេសចរណ៍ជាដើម។ ម៉្យាងទៀត សូមឲ្យអង្គការដៃគូរជម្រុញដល់ប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះ ក្នុងការដាំដុះដំណាំរួមផំ្ស ដើមី្បបង្កើន និងគ្រប់គ្រងជីវភាពក្នុងក្រុមគ្រួសារ និងរកបានកម្រៃបន្ថែមពីការងារដាំដុះនេះផងដែរ៕