(ស្ទឹងត្រែង)៖ លោក ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រូសក្រហមចំនួន ០៥ ខ្សែ ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២៣  របស់រដ្ឋបាលឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ក្នុងពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកសៀមប៉ាង ថ្នាក់ដឹកនាំស្រុក អាជ្ញាធរដែលពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ជាង ៥០០នាក់ ។

លោក ផាន់ យុគ អភិបាលស្រុកសៀមប៉ាង បានឲ្យដឹងថាការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រូសក្រហមចំនួន ០៥ ខ្សែ មានប្រវែងសរុប ១៤,៨៦០ម៉ែត្រ និងលូកាត់ផ្លូវចំនួន ០៣កន្លែង  ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២៣ របស់រដ្ឋបាលឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបានចំណាយអស់ថវិកាចំនួន ៦០១.៧៥០.០០០រៀល។

នាឱកាសនោះដែរលោក ផៃ ប៊ុនឈឿន បានឱ្យដឹងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥៖ “មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា” ដោយតម្កល់មនុស្សជាអាទិភាពនៅលើគេ។

នយោបាយនេះនៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ, មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»។

ក្នុងឱកាសនោះដែរ លោកផៃ ប៊ុនឈឿន បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ។ បន្តពង្រឹងនិងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ និងបន្តរួមគ្នាខិតខំដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរលោក ផៃ ប៊ុនឈឿន បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលត្រូវអាស្រ័យផលលើផ្លូវទាំង ៥ ខ្សែដែលរដ្ឋបាលស្រុកសៀមប៉ាង សម្ពោធធ្វើឲ្យប្រើប្រាស់នា ឱកាសនេះ ត្រូវចូលរួមថែរក្សា និងការពារឲ្យបានគង់វង្ស៕