(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅថ្ងៃចន្ទនេះ បានស្នើឲ្យដកកងយោធាសហរដ្ឋអាមេរិក ចេញពីតំបន់ចលាចល នៅភាគខាងត្បូង ប្រទេសហ្វីលីពីន ដោយមានការព្រួយបារម្ភថា វត្តមានកងទ័ពសហរដ្ឋអាមេរិក អាចបង្កភាពស្មុគស្មាញ ក្នុងការប្រយុទ្ធប្រឆាំងនឹង ក្រុមឧទ្ទាមឥស្លាមនិយម ដែលល្បីល្បាញខាងកាត់ក្បាល ពួកលោកខាងលិច។ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក Duterte ដែលជាមនុស្សមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ដោយកាលពីសប្តាហ៍មុន លោកបានប្រើសម្តីតិះដៀល ប្រឆាំងសហរដ្ឋអាមេរិក និងលោក Barack Obama បានលើកឡើងថា កងកម្លាំងពិសេស បច្ចុប្បន្នកំពុងហ្វឹកហ្វឺន កងកម្លាំងហ្វីលីពីន គឺជាគោលដៅកម្រិតខ្ពស់ របស់ក្រុមឧទ្ទាម Abu Sayyaf ជាបណ្តាញរបស់ក្រុម ISIS ខណៈពួកគេកំពុងបង្កើនប្រតិបត្តិការប្រឆាំងកុប្បកម្ម។
«កងកម្លាំងពិសេសទាំងនេះ ពួកគេត្រូវតែទៅ, ខ្ញុំមិនចង់បែកបាក់ជាមួយសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែពួកគេត្រូវតែទៅ»។ នេះបើតាមសម្តីលោក Duterte លើកឡើងក្នុងសន្ទុរកថាមួយ អំឡុងពេលប្រារព្ធពិធីសម្ពោធការិយាល័យថ្មី។
លោក Duterte ត្រូវការគោលនយោបាយការបរទេសឯករាជ្យ ហើយលោកលើកឡើងថា ទំនាក់ទំនងជិតស្និទជាមួយសហរដ្ឋអាមេរិក គឺមានភាពគ្រោះថ្នាក់, លោកជាញឹកញាប់បានចោទប្រកាន់ សហរដ្ឋអាមេរិកថា បានលាក់ពុត នៅពេលដែលសហរដ្ឋអាមេរិក បានរិះគន់សង្គ្រាមប្រឆាំងការជួញដូរគ្រឿងញៀន របស់លោក។
កងកម្លាំងសហរដ្ឋអាមេរិកមួយចំនួន ត្រូវបានសម្លាប់ នៅតំបន់ភាគខាងត្បូង ប្រទេសហ្វីលីពីន ចាប់តាំងពីឆ្នាំ២០០២មក នៅពេលដែលរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន បានដាក់ពង្រាយទាហាន ដើម្បីធ្វើការហ្វឹកហ្វឺន ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម Abu Sayyaf ក្នុងប្រតិបត្តិការ «Operation Enduring Freedom» ជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រឆាំងអំពើភេរវកម្ម នៅទូទាំងពិភពលោក របស់ខ្លួន៕