(សេអ៊ូល, កូរ៉េខាងត្បូង)៖ លោក ហាន់ ដុកស៊ូ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានលើកឡើងថា កម្ពុជា គឺជាទិសដៅសម្រាប់ការវិនិយោគ និងជាទីផ្សារដ៏មានសក្តានុពលសម្រាប់វិស័យឧស្សាហកម្ម ជាពិសេសឧស្សាហកម្មយានយន្ត។
លោកនាយករដ្ឋមន្ត្រី បានគូសរំលេចបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះ លោក ហាន់ ដុកស៊ូ បានសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសកូរ៉េខាងត្បូង និងបានរំលេចអំពីការឯកភាពដំឡើងកម្រិតទំនាក់ទំនងកូរ៉េ-កម្ពុជាឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្ត» ដែលនឹងចូលរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្រ្តីកូរ៉េ បានបញ្ជាក់ជូនសម្តេចធិបតីផងដែរថា កម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត។ លោកក៏បានសម្តែងការគាំទ្រ និងពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឱ្យមានយន្តការនៃការជួបពិគ្រោះយោបល់ជាទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងបានបង្ហាញក្តីរីករាយក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការបន្ថែម តាមរយៈហិរញ្ញប្បទានឥតសំណង របស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) និងឥណទានសម្បទានតាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលបានឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្ត» ដែលជាទំនាក់ទំនងដ៏ល្អប្រសើរ។
សម្តេចធិបតីបានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីកូរ៉េថា វិស័យឯកជនមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ក្នុងនោះការពង្រឹងតួនាទីរបស់វិស័យឯកជននឹងធ្វើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។
សម្ដេចធិបតី ក៏បានជម្រាបលោកនាយករដ្ឋមន្រ្តីអំពីលទ្ធផលដ៏ប្រសើរ នៃកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយលោកប្រធានាធិបតី យូន ស៊កយ៉ល ជាពិសេសគំនិតផ្តួចផ្តើមស្តីអំពីការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់ (Regular Consultation Sessions) រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និង ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែក្រុមហ៊ុនវិនិយោគកូរ៉េ។
សម្តេចធិបតី ក៏បានគូសរំលេចជូនលោកនាយករដ្ឋមន្រ្តី អំពីគម្រោងនិមិត្តរូបនៃស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ។ សម្តេចធិបតី បានបញ្ជាក់ថា ស្ពានមិត្តភាពនេះតំណាងឱ្យមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ហើយសម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លា របស់រដ្ឋាភិបាលកូរ៉េក្នុងគម្រោងនេះផងដែរ។
ក្នុងជំនួបនេះថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់នូវជំហរ និងជំនឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោមកម្រិតនៃភាពជាដៃគូយុទ្ធសាស្រ្ត នឹងតែល្អរីកចម្រើន និងរឹងមាំបន្ថែមទៀត៕