(បន្ទាយមានជ័យ)៖ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការភូមិបឹង៧៥ តេជោឈ្នះឈ្នះ និងសែនក្រុងពលីបេីកការដ្ឋានសាងសង់ទីស្នាក់ការភូមិបឹង៧៥ តេជោឈ្នះឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការចូលរួមពីលោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តតំណាងលោក អ៊ុំ រាត្រី អភិបាលបន្ទាយមានជ័យ, លោក ពុំ សុថា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកម៉ាឡៃ លោក មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក លី សារឿន តំណាងក្រុមគ្រួសារឧកញ៉ា លី អ៊ុតនី និងមានការចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំង យុវជន និងប្រជាពលរដ្ឋសរុបប្រមាណជាង ៤០០នាក់។

បន្ទាប់ពីរបាយការណ៍របស់លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃរួច លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានរំលឹកអំពីសាវតានិងដំណេីរការដោះស្រាយបញ្ចប់បញ្ហាវិវាទដីធ្លីរ៉ាំរ៉ៃ តាមបែបឈ្នះឈ្នះ ដែលជាដំណោះស្រាយដ៏មានប្រសិទ្ធភាព និងជាមរតកដ៏មានតម្លៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន បានបន្សល់ទុកជាបទពិសោធន៍ដ៏ល្អបំផុតសម្រាប់ការអនុវត្តដោះស្រាយ។ ក្រោយពេលក្រុមការងារបានដោះស្រាយបញ្ចប់ជាស្ថាពរ ទីតាំងទំនាស់នេះក៏បានអភិវឌ្ឍប្រែក្លាយជាភូមិបឹង៧៥ តេជោឈ្នះឈ្នះស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក៏បានសម្តែងការកោតសរសេីរដោយស្មោះចំពោះបងប្អូនក្នុងភូមិបឹង៧៥ តេជោឈ្នះឈ្នះ ដែលបានប្រែពីជម្លោះមកជាការស្រលាញ់រាប់អានគ្នា ជាមហាគ្រួសារខ្មែរក្រោមម្លប់សុខសន្តិភាព ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខលេីផ្លូវសន្តិភាព និងការអភិវឌ្ឍ៕