(រតនគិរី)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋបាលខេត្តរតនគិរី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការវិនិយោគ ជូនដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្តរតនគិរី ក្នុងបំណងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធច្បាប់វិនិយោគជូនដល់មន្ត្រីនៅក្នុងខេត្ត។
សិក្ខាសាលានេះដឹកនាំរៀបចំ និងអញ្ជើញជាអធិបតីដោយ លោក ទ្រី ដាលុច អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការអញ្ជើញចូលរួមពីលោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា, លោក ឌុច ចាន់តូ អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី, សមាជិកអនុគណៈកម្មាធិការវិនិយោគខេត្ត, តំណាងសភាពាណិជ្ជកម្មខេត្ត និងតំណាងមន្ទីរជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលខេត្តរតនគិរីសរុបចំនួន ៨៥រូប។
លោក ឌុច ចាន់តូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងសេចក្តីសោមនស្សរីករាយចំពោះវត្តមានគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានជម្រាបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សមិទ្ធផលមួយចំនួនពាក់ព័ន្ធនឹងកិច្ចការវិនិយោគ សក្ដានុពល និងស្ថានភាពសេដ្ឋកិច្ចលើវិស័យកសិ-ឧស្សាហកម្មរបស់ខេត្ត។
លោក ទ្រី ដាលុច បានថ្លែងគូសបញ្ជាក់ថា គោលបំណងចម្បងនៃសិក្ខាសាលានេះ សំដៅបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការវិនិយោគប្រកបដោយតម្លាភាព ជាពិសេសនីតិវិធីនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការវិនិយោគជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តរតនគិរី។
លោកអគ្គលេខាធិការរង បន្តទៀតថា តាមរយៈច្បាប់ និងអនុក្រឹត្យនេះ អនុគណៈកម្មាធិការវិនិយោគខេត្តរតនគិរី បានទទួលប្រតិភូកម្មសិទ្ធិអំណាចក្នុងការពិនិត្យ និងសម្រេចលើការចុះបញ្ជី, ការផ្តល់ការលើកទឹកចិត្ត, ការធានា, ការទិញ, ការលក់, ការរួមបញ្ចូលគ្នា, ការលុប និងការដោះស្រាយវិវាទពាក់ព័ន្ធគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹង ៥លានដុល្លារអាម៉េរិកចុះ ដែលនេះជាការពង្រីកដែនសមត្ថកិច្ចដល់អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។
លើសពីនេះ លោកអគ្គលេខាធិការរងមានសង្ឃឹមយ៉ាងមុតមាំថា តាមរយ:សិក្ខាសាលានាថ្ងៃនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង ដើម្បីអនុវត្តសិទ្ធិអំណាចដែលត្រូវបានប្រគល់ជូនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងឱកាសនោះលោកអគ្គលេខាធិការរង ក៏បាននាំនូវវត្ថុអនុស្សាវរីយ៍មានក្រមា, ថវិកាចំនួន ១០០,០០០រៀលក្នុង១នាក់ និងកម្រងឯកសារ រួមមានច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិនិយោគ ព្រមទាំងឯកសារបទបង្ហាញរបស់វាគ្មិនជូនដល់សិក្ខាកាមផងដែរ។
ក្នុងមតិបិទ និងបូកសរុប លោក យុន ហេង អគ្គលេខាធិការរង ក៏បានគូសបញ្ជាក់ឡើងវិញពីភាពចាំបាច់នៃការរៀបចំច្បាប់ស្តីពីវិនិយោគ, ការបង្ហាញចំនុចយល់ដឹងសំខាន់ៗអំពីអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដែលសំដៅលើសិទ្ធិសម្រេចលើទុនវិនិយោគរហូតដល់ ៥លានដុល្លារអាម៉េរិក និងការប្រគល់នូវសិទ្ធិអំណាចពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជូនដល់អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។
សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលានេះ បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ និងបានចោទសួរយ៉ាងផុលផុស ព្រមទាំងសម្តែងការពេញចិត្តយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្តួចផ្តើមរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ៕