សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ជុំវិញការធ្វើតេស្តនុយក្លេអ៊ែរ ដោយកូរ៉េខាងជើង
12-09-2016 22:14
(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា សូមសម្តែងចេញនូវ ក្តីព្រួយបារម្ភជាពន់ពេក ចំពោះការធ្វើតេស្តនុយក្លេអ៊ែរ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ដោយសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ (DPRK) ដែលជាទង្វើបានបង្ហាញយ៉ាងច្បាស់ក្រឡែតពី ការរំលោភបំពានទៅលើ ដំណោះស្រាយពាក់ព័ន្ធនានា របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ហើយនឹងអាចកាន់តែយ៉ាប់យ៉ឺនជាងនេះទៀត ចំពោះស្ថានការណ៍ដែល ផុយស្រួយស្រាប់ទៅហើយ នៅតំបន់ឧបទ្វីបកូរ៉េ។
ក្រសួងការបរទេស នៃកម្ពុជា សូមបញ្ជាក់ សាជាថ្មីម្តងទៀតនូវសារៈសំខាន់នៃសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ឧបទ្វីបកូរ៉េ និង សូមអះអាងឡើងវិញចំពោះ ការគាំទ្រការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់នេះដើម្បីជាប្រយោជន៍នៃសន្តិភាព សន្តិសុខ និងស្ថិរភាព ព្រមទាំងធ្វើការអំពាវនាវដោយទទូចឲ្យ DPRK គោរពទៅតាមដំណោះស្រាយពាក់ព័ន្ធនានា ដែលចេញដោយ UNSC៕