(ស្វាយរៀង)៖ គណៈកម្មការគ្រីស្ទបរិស័ទកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានវគ្គហ្វឹកហ្វឺនជូនដល់ថ្នាក់ដឹកនាំ គ្រីស្ទបរិស័ទ ខេត្តស្វាយរៀង។ វគ្គហ្វឹកហ្វឺននេះ មានការចូលរួមបណ្តុះបណ្តាលដោយ ព្រឹទ្ធបូជាចារ្យ សរ ពល:, លោកគ្រូ គ្រញ ប៉ា សុខា, លោកគ្រូ កេត ច័ន្ទដារា, លោក នៅ បូរ៉ា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានគណៈកម្មការកណ្ដាលនៃយុវជនគ្រីស្ទបរិស័ទកម្ពុជាផងដែរ។
លោក នៅ បូរ៉ា អនុប្រធានគណៈកម្មាធិការកណ្ដាលនៃយុវជនគ្រីស្ទបរិស័ទកម្ពុជា តំណាងលោកបណ្ឌិត សៀវ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ជាប្រធានគណៈកម្មាធិការកណ្ដាលអចិន្ត្រៃយ៍នៃយុវជនគ្រីស្ទបរិស័ទកម្ពុជា បានថ្លែងថា វគ្គហ្វឹកហ្វឺនប្រធានបទស្ដីអំពី ភាពជាអ្នកដឹកនាំនេះ គឺដឹកនាំ «ក្រុមជំនុំមានសុខភាពល្អ» និយាយដោយខ្លីគឺ ដឹកនាំប្រកបដោយគុណភាព ភាពរីកចម្រើនខាងឯសីលធម៌ល្អ ភាពជាគំរូ ជាអំបិលនិងពន្លឺ មានសេចក្តីស្រឡាញ់ ជាពិសេសកិច្ចការចំពោះមុខគឺឆ្លើយតបតាមត្រាស់ហៅឱ្យពេញបរិបូណ៌ក្នុងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទនៃយើង ដែលទ្រង់ហៅ ឲ្យបម្រើដល់ពួកជំនុំក្នុងតំបន់របស់ខ្លួនក្នុងសហគមន៍។
លោកបន្តឲ្យដឹងទៀតថា វគ្គហ្វឹកហ្វឺនអ្នកដឹកនាំគ្រីស្ទបរិស័ទ នៃយុវជនគណៈកម្មការគ្រីស្ទបរិស័ទកម្ពុជា ធ្វើឡើងជាបន្តបន្ទាប់ និងវិលជុំ និងបន្តបណ្ដុះបណ្ដាលហ្វឹកហ្វឺនអ្នកដឹកនាំគ្រីស្ទបរិស័ទនៅតាមខេត្តឯទៀតផងដែរ។ ជាក់ស្ដែងវគ្គហ្វឹកហ្វឺនមានអ្នកចូលរួមប្រមាណជា១០០នាក់ ក្នុងនោះ អ្នកដឹកនាំយុវជនសកម្ម មានប្រមាណជាង៣០នាក់៕