(ភ្នំពេញ)៖ នៅពេលដ៏ខ្លីខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ឲ្យអនុវត្ត នូវលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធការរៀប ចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បី បង្កលក្ខណៈងាយស្រួល សម្រាប់ជនពិការ តាមរយៈប្រកាសអន្តរក្រសួង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ជនពិការ ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ តាមរយៈកិច្ច ពិគ្រោះយោបល់ ជាមួយបណ្តាលក្រសួងពាក់ព័ន្ធ សង្គមសស៊ីវិល ពិសេសជនពិការនោះ ត្រូវបានលើកមក ពិនិត្យឆ្លងសម្រេចក្នុងកម្រិតក្រុមការងារបច្ចេកទេសជាន់ខ្ពស់នៅ រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ដោយមាន ការចូលរួមពីលោក លឹម វាន់ រដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកស្រី ទិត្យ ច័ន្ទតារីន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ សកម្មភាពជនពិការ នៃក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សា សកម្មភាពជនពិការ និងតំណាងមន្ត្រីពាក់ព័ន្ធនៃក្រសួងទាំងពីរ។

តាមការឲ្យដឹងពីលោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព ជនពិការថា រៀបចំប្រកាសអន្តរក្រសួងនេះ ដែលមានទិសដៅកសាងនូវ គោលការណែនាំមួយ ជាក់លាក់ របស់រាជដ្ឋាភិបាលអំពី ការបង្កលក្ខណៈងាយស្រួល សម្រាប់ជនពិការស្រប តាមជំពូក៥ នៃច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ចំពោះទីកន្លែងសាធារណៈទាំងឡាយណា ដែលបានសាងសង់មុន ច្បាប់នេះចូលជាធរមាន ហើយដែលមានលទ្ធភាពត្រូវរៀបចំកែសម្រួលទីកន្លែងសាធារណៈនោះយ៉ាងយូរ រយៈពេល ៥ឆ្នាំ ដើម្បីឲ្យជនពិការមានលក្ខណៈ ងាយស្រួល ចេញ-ចូលបាន។ នេះបើតាមការឲ្យដឹងពី លោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ប្រកាសនេះមាន គោលបំណងរៀបចំ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តឲ្យ មានលក្ខណៈងាយស្រួល ដល់ជនពិការគ្រប់ប្រភេទអាចចល័ត ទីចេញចូលនិងប្រើប្រាស់ដោយងាយស្រួល ប្រកបដោយសុវត្ថិភាព និងគ្មានឧបសគ្គ  ដូចជានៅតាមទីកន្លែង សាធារណៈ គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន នៅទូទាំង ព្រះរាជណាចក្រកម្ពុជា ។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ទៀតថា ប្រកាសនេះ មានគោលដៅបង្កើតស្តង់ដាអប្បបរិមា មួយជាក់លាក់ និងច្បាស់លាស់ក្នុងការរៀបចំកែសម្រួល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តដើម្បីបង្ក លក្ខណៈងាយស្រួលដល់ ជនពិការអាចចេញចូល និងប្រើប្រាស់បាន។

ទីកន្លែងសាធារណៈ ទាំងឡាយណាដែលបានសាងសង់មុនច្បាប់ នេះចូលជាធរមាន ហើយមិនទាន់បានរៀបចំចំណតយានយន្តពិសេសសម្រាប់ជនពិការ បន្ទប់អនាម័យ ហើយដែលមានលទ្ធភាពត្រូវរៀបចំកែសម្រួលទីកន្លែងសាធារណៈនោះយ៉ាងយូររយៈពេល៥ឆ្នាំ។ ក្រៅពីនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំលក្ខណៈងាយស្រួល លើមធ្យោបាយដឹកជញ្ជូនផ្សេងៗ សម្រាប់ជនពិការ ព្រមទាំងការផ្តល់ប័ណ្ណបើកបរយានយន្ត និងការកំណត់ប្រភេទយានយន្ត សម្រាប់ជនពិការ ដែលចំនុចនេះគឺត្រូវកំណត់ ដោយប្រកាស អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ។

លោក លឹម វាន់ រដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្វាគមន៍ចំពោះការ រៀបចំសេចក្តីព្រាងប្រកាសស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ជនពិការ ហើយបានស្នើដល់ក្រុមការងារសកម្មភាពជនពិការនៃក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ សហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីពិនិត្យទម្រង់ប្រកាសអន្តរក្រសួងនេះឲ្យស្របតាមគោលការណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងជំរុញឲ្យក្រុមការងារ នៃក្រសួងទាំងពីរកែសម្រួល ចំនុចមួយចំនួន តាមស្មារតីអង្គប្រជុំ ដើម្បីរៀបចំសុំគោលការណ៍ សម្រេចពីថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ ឲ្យបានឆាប់រហ័យ។

គួរបញ្ជាក់ផងដែរថា នេះគឺជាការបង្ហាញអំពីនូវការយកចិត្តទុកដាក់ និងគិតគូរជាប់ជានិច្ច របស់រាជរដ្ឋាភិបាល ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសការវឌ្ឍនភាពថ្មីៗក្នុងវិស័យពិការភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិតិ្តយស ក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីឲ្យឈានទៅ សម្រេចឲ្យខានតែបាននូវការអនុវត្ តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទិ្ធជនពិការ អនុសញ្ញស្តីពីសិទ្ធិជនពិការ និងផែនការយុទ្ធសាស្រ្ត  ជាតិស្តីពីពិការភាព ២០១៤-២០១៨ ព្រមទាំងយុទ្ធសាស្ត្រអ៊ីនឈាន់ ទសវត្សជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីភិច «ធ្វើឲ្យសិទ្ធិកា្លយ ជាការពិត»