(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងពិធីបើកសិក្ខាសាលា ស្តីពីការទប់ស្កាត់ និងការពារការផ្សព្វផ្សាយ ព័ត៌មានមិនពិត Cyber Security នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ ២០២៤ បានលើកឡើងថា បានចាត់ទុកថាការពង្រឹងសមត្ថភាព និងការចែករំលែកចំណេះដឹងដល់គ្រប់មន្រ្តី ទទួលបន្ទុកព័ត៌មានរបស់ក្រសួង មន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ ផ្តោតលើការវិវត្តថ្មីនៃបច្ចេកវិទ្យា ជួយពង្រឹងវិធានការក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ក៏ដូចជាការយកចិត្តទុកដាក់ តាមដានឱ្យបានជាប់ជាប្រចាំ ចំពោះការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ពីសំណាក់ក្រុមជនទុច្ចរិតមួយចំនួន ដើម្បីបង្កើតជាព័ត៌មានក្លែងក្លាយ។

មន្រ្តីនាំពាក្យរូបនេះ បានលើកឡើងថា ក្នុងការអនុវត្តគោលនយោបាយនានា និងជាពិសេសយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ខ្លាំង លើបច្ចេកវិទ្យា ជំរុញបរិវត្តកម្មឌីជីថល ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានេះ ក្នុងការជំរុញបរិវត្តកម្មឌីជីថល បញ្ហាព័ត៌មានក្លែងក្លាយ គឺជាប្រធានបទចាំបាច់ ដែលត្រូវលើកយកមកពិភាក្សា និងស្វែងរកវិធីទប់ស្កាត់ ព្រោះព័ត៌មានក្លែងក្លាយ បានអាចបង្កចលាចលក្នុងសង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

លោក ខ្វៃ អាទិត្យា បានបន្ថែមថា មន្រ្តីព័ត៌មានក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយក្រុមអ្នកនាំពាក្យរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូសហការផ្សេងទៀត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ឱ្យបានរហ័ស និងប្រសិទ្ធភាពខ្ពស់ រួមទាំងការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ អាចបង្កឱ្យប៉ះពាល់ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ជាដើម។

ជាមួយគ្នានេះដែរ ខ្វៃ អាទិត្យា បានអំពាវនាវឱ្យសាធារណជនមេត្តាស្វែងយល់ពីព័ត៌មានពិតនៅកម្ពុជា ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលក្រុមជនទុច្ចរិត មួយក្តាប់តូចនៅក្រៅប្រទេស លើកយកវិស័យបរិស្ថានជាលេស ធ្វើការផ្សព្វផ្សាយ ជំរុញឱ្យសាធារណជន មានការយល់ច្រឡំ និងមិនមានភាពប្រាកដនិយមនៅក្នុងសង្គមកម្ពុជា ដែលកន្លងមក ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព ធានាឱ្យបាននូវផលប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសធានាកម្ពុជាស្អាត គ្មានការបំពុលដោយសំរាម-ប្លាស្ទិក ការរក្សាបាននូវធនធានធម្មជាតិ និងព្រៃឈើ សម្រាប់អ្នកជំនាន់ក្រោយ តាមរយៈការរួមគ្នាការពារភាពបៃតងរបស់កម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ ស្រមទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ឱ្យអនុវត្តលើមុំយុទ្ធសាស្រ្តចំនួន៣ គឺស្អាត បៃតង និងចីរភាព៕