(ពោធិ៍សាត់)៖ ស្ត្រីម្នាក់ តែងតែបើកបរក្នុងស្ថានភាពស្រវឹង ហើយត្រូវបានដួលបោកក្បាល បាក់កស្លាប់ ខណៈកំពុងជិះទៅប៉ះផ្លែទ្រាលក្នុងព្រៃ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ ត្រង់ចំណុចស្រែតាអៅ ស្ថិតក្នុងភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក វង សាវ៉េត អធិការនគរបាលស្រុកក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា៖ ស្ត្រីរងគ្រោះ ដែលតែងតែបើកបរក្នុងស្ថានភាពស្រវឹងខួបនោះ មានឈ្មោះ យ៉េង រ័ត្ន ភេទស្រី អាយុ ៣៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោកអធិការបានបន្តថា មុនពេលកើតហេតុស្ត្រីរងគ្រោះ បានវ៉ៃឡើយ២ទៅ៣តយរួចមកហើយ ពេលនោះស្ត្រីរងគ្រោះបានជិះម៉ូតូ ម៉ាកWaveអាល់ហ្វា គ្មានស្លាកលេខ បម្រុងទៅបេះផ្លែទ្រាលក្នុងព្រៃ សម្រាប់ក្លែម ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានដួលបោកក្បាលទៅនឹងដី បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមនោះប្រជាជាពលរដ្ឋដែលនៅក្បែរ បានជួយបញ្ជូនស្ត្រីរងគ្រោះទៅមន្ទីរបង្អែកស្រុក តែជាអកុសល ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែក ស្រុកបាត់ទៅហើយ ដោយសាររងរបួសបាក់ក ក្រោមស្ថានភាពស្រវឹង។
បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕