(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកទី៤ ស្តីពី «ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន» និង «នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (ភ.រ.ជ)» ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយក្របខ័ណ្ឌ ភ.រ.ជ នៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, តំណាងដៃគូអភិវឌ្ឍន៍, ស្ថាប័នហិរញ្ញវត្ថុ, ក្រុមហ៊ុនទីប្រឹក្សាក្នុងវិស័យវិនិយោគសាធារណៈ, ក្រុមហ៊ុនមេធាវី, ក្រុមហ៊ុនធានារ៉ាប់រង និងវិស័យឯកជន ដែលមានអ្នកចូលរួមសរុបចំនួន ២០០ នាក់។

សិក្ខាសាលាផ្សព្វផ្សាយលើកទី៤នេះ គ្រោងរៀបចំឡើងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៩៖០០នាទីព្រឹក នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមអធិបតីភាពរបស់លោក មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាងរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ថែមពីនេះ សិក្ខាសាលាផ្សព្វផ្សាយ ក៏នឹងមានការរៀបចំនូវវេទិកាពិភាក្សាយោបល់ ក្រោមប្រធានបទ «គម្រោងអនុវត្តប្រតិបត្តិការ និងការថែទាំកំពង់ផែទេសចរណ៍អន្តរជាតិ នៅខេត្តកំពតតាមយន្តការ ភ.រ.ជ» ក្រោមការសម្របសម្រួលដោយអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ជាមួយតួអង្គសំខាន់ៗផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ និងដាក់ឱ្យប្រើសទ្ទានុក្រម ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន (Lexicon for Public-Private Partnerships) ដែលមាន ២ ភាសា គឺខ្មែរ និងអង់គ្លេសផងដែរ។

គួរបញ្ជាក់ថា «ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន» បានដាក់ឱ្យប្រើប្រាស់ ដោយព្រះរាជក្រមលេខនស/រកម/១១២១/០១៨ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ និងបន្ទាប់មកក៏បានអនុម័ត និងដាក់ឱ្យប្រើប្រាស់នូវ «នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោង ភ.រ.ជ» តាមរយៈអនុក្រឹត្យលេខ១៧៤អនក្រ.បកចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងរៀបចំការអនុវត្ត និងការគ្រប់គ្រងគម្រោង ភ.រ.ជ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនៅកម្ពុជា៕