(បន្ទាយមានជ័យ)៖ ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៃពុទ្ធិកសិក្សា ត្រូវបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភាព្រះពុទ្ធសាសនា, ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត, ព្រះ វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត លោក ហ៉ឹម វិបុលឫទ្ធី រដ្ឋលេខាធិការក្រសួង ធម្មការនិងសាសនា លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោក រ័ត្នដា ស៉ីណាង់ អភិបាលស្រុកមង្គលបូរី ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ ព្រះសង្ឃ លោកអាចារ្យគណៈកម្មការ សមណសិស្ស ប្រជាពលរដ្ឋជាច្រើនអង្គ/នាក់។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ បានលើកឡើងថា តាមទំនៀមទម្លាប់របស់ក្រសួងធម្មការ និងសាសនា បានកំណត់យក ថ្ងៃទី០៥ ខែឧសភាជាថ្ងៃ បើកបវេសនកាលឆ្នាំសិក្សា នៃពុទ្ធិកសិក្សាទូទាំងប្រទេសរហូតមកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ននេះ ក្នុងខេត្តបន្ទាយមានជ័យ មានវត្តចំនួន២៥៥វត្ត, ព្រះសង្ឃ សរុបចំនួន៤,២៤៣អង្គ។

ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ មានសាលាពុទ្ធិកសិក្សាមានចំនួន៩៥សាលា ស្មើ១២៣ថ្នាក់, មានថ្នាក់ទី១ ចំនួន៦៦ថ្នាក់, ថ្នាក់ទី២ ចំនួន៣៧ថ្នាក់, ថ្នាក់ទី៣ មានចំនួន២០ថ្នាក់ មានសមណសិស្សសរុបមានចំនួន១,៩៤៨អង្គ ក្នុងនោះមានសាលាធម្មវិន័យ៨៣សាលា ពុទ្ធិកបថមសិក្សាមានចំនួន៩៥សាលា ពុទ្ធិកមធ្យមសិក្សាមាន១សាលា។

លោក យឹម សំណាង បានលើកឡើងពីវឌ្ឍនភាព នៃវិស័យពុទ្ធិកសិក្សាទូទាំងខេត្តបន្ទាយមានជ័យថា វិស័យព្រះពុទ្ធសាសនា គឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការអភវឌ្ឍន៍ លើវិស័យព្រះពុទ្ធសាលនា ដើម្បីជាប្រយោជន៍ក្នុងការរួមចំណែកសាមគ្គី ការលើកកម្ពស់វប្បធម៌នៃការយោគយល់គ្នា ក្នុងចំណោមពុទ្ធសាសនិក ក៏ដូចប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា នាពេលអនាគតផងដែរ។

ក្នុងឱកាសនោះ លោក ហ៉ឹម វិបុលឫទ្ធី បានថ្លែងអំណគុណដល់ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ក្នុងការរៀបចំពិធីបើកបវេសនកាលឆ្នាំ២០២៤-២០២៥ទូទាំងខេត្ត នាពេលនេះឲ្យប្រព្រឹត្តបានយ៉ាងរលូនគួជាទីរីករាយក្រៃលេង។ ជាការពិតណាស់ វត្តអារាមទូទាំង ប្រទេស ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មិនគ្រាន់តែជាទីស្ថាន និងជាបុគ្គល សម្រាប់តែការគោរព និងជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាកន្លែង និងជាប្រភពសម្រាប់បណ្តុះបណ្តាល នូវបញ្ញាញាណ ឬជាថ្នាលបណ្តុះនូវធនធានបញ្ញា និងជាថ្នាលបណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការអភិវឌ្ឍជាតិលើគ្រប់វិស័យផងដែរ។

ទីវត្តអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយ សីលធម៌និង ចរិយាធម៌ ដើម្បីឲ្យមានការអភិវឌ្ឍន៍សង្គមកិច្ចប្រកបដោយ សមធម៌ និងចរិយាធម៌។ លើសពីនេះទៀត ចំពោះសង្គមជាតិ ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍ តាមរយៈការបើកបវេសនកាលពុទ្ធិកសិក្សាសម្រាប់ឆ្នាំ ២០២៤-២០២៥ ត្រូវបានរំលេចឡើងដើម្បីរួមចំណែកបង្កើនប្រសិទ្ធភាព នៃការអប់រំសីលធម៌ មនុស្សធម៌ តាមមាគ៌ាដ៏ត្រជាក់របស់ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង៕