(សេអ៊ូល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបជាមួយលោក យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកប្រធានាធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា ជាមួយដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី នាឱកាសនេះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សាធារណរដ្ឋកូរ៉េ-ព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ លោកប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនកូរ៉េ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែងនៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយគ្របដណ្តប់លើវិស័យសំខាន់ៗ រួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ និងវិស័យផ្សេងៗទៀត។

ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត» ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការឲ្យកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព។

ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការខិតខំជំរុញពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែល្អប្រសើរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (Cambodia-Korea FTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ទន្ទឹមនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញឲ្យកាន់តែល្អប្រសើរ នៃទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរផងដែរ។

លើវិស័យការពារជាតិ និងសន្តិសុខ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា យ៉ាងជិតស្និទ្ធរវាងកម្ពុជា-កូរ៉េ លើការហ្វឹកហាត់ផ្នែកយោធារួមគ្នា លើកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព តាមរយៈភាពជាដៃគូត្រីភាគី រវាងអង្គការសហប្រជាជាតិ-កូរ៉េ-កម្ពុជា (UN-ROK-Cambodia) និងលើកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលរួមមាន៖ បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអ៊ិនធឺណិត ជាដើម។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាលើវិស័យកសិកម្ម ការងារ ហេដ្ឋារចនាសម្ព័ន្ធ បរិវត្តកម្មឌីជីថល វប្បធម៌ និងសិល្បៈ។

មុននឹងបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានបន្តពិភាក្សាគ្នា លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលក្នុងនោះ សម្តេចធិបតី បានវាយខ្ពស់ ចំពោះកិច្ចសហការរបស់កូរ៉េ ដែលបានចូលរួមជួយចំណែក នៅក្នុងក្របខ័ណ្ឌមេគង្គ និងការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ អាស៊ាន-កូរ៉េ (ASEAN-Korea Comprehensive Strategic Partnership) ជាដើម៕