Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចោរមួយក្រុមបំពុលឆ្កែ នាយករដ្ឋបាលសាលាស្រុកក្រគរ ងាប់ ១ក្បាល លួចម៉ូតូអស់ ១គ្រឿង

12-09-2016 21:39

(ពោធិ៍សាត់)៖ ឆ្កែរបស់ប្រជាពលរដ្ឋ ចំនួន ០១ក្បាល ត្រូវបានក្រុមចោរ ២ទៅ៣នាក់ ដាក់ថ្នាំបំពុលងាប់ រួចលួចម៉ូតូអស់ ១គ្រឿង ដោយសុវត្ថិភាព កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោមផ្ទះ នាយករដ្ឋបាលសាលាស្រុកក្រគរ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា៖ ក្រុមចោរ មានគ្នា ២ទៅ៣នាក់ បានដាក់ថ្នាំបំពុលឆ្កែងាប់ ០១ក្បាល រួចលួចម៉ូតូអស់ ១គ្រឿង ម៉ាក Honda Dream ស៊េរី ២០១១ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-4266 ជាកម្មសិទ្ធិរបស់ឈ្មោះ ខាត់ ពុយ ភេទប្រុស អាយុ ៣៧ឆ្នាំ តួនាទីជានាយករដ្ឋបាលសាលាស្រុកក្រគរ បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ។

លោកអធិការបានបន្តថា នៅយប់មុនពេលកើតហេតុម្ចាស់ម៉ូតូបានគេងលង់លក់ ហើយដាក់ម៉ូតូក្រោមផ្ទះ ដោយមិនដឹងពីសកម្មភាពរបស់ក្រុមចោរដែលដាក់ថ្នាំបំពុលឆ្កែឡើយ ស្រាប់តែវេលា ម៉ោងប្រហែល ១ទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ទើបដឹងថាបាត់ម៉ូតូ ១គ្រឿង និងងាប់ឆ្កែ ១ក្បាល ក៏នាំគ្នាផ្អើលឆោឡោតែម្តង។

លោកអធិការបានបន្តទៀតថា ចំពោះករណីខាងលើនេះ កម្លាំងរបស់យើងកំពុងចុះធ្វើការស្រាវជ្រាវ ដើម្បីវែកមុខជនល្មើសមកផ្តន្ទាទោសឲ្យទាល់តែបាន៕