(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកដែលផ្តួចផ្តើមគំនិតទាំងស្រុងដោយរាជរដ្ឋាភិបាលកម្ពុជា ហើយចិនមិនបានដឹងលើរឿងនេះឡើយ។
ការចេញមកបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានសារព័ត៌មានបរទេស និងអ្នកវិភាគមួយចំនួន បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា គឺស្ថិតក្រោមគំនិតផ្ដួចផ្ដើចខ្សែក្រវាត់ និងផ្លូវរបស់ចិន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំពោះការផ្សាយរបស់កាសែតបរទេស ដោយចាត់ទុកថាព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមរបស់ចិន ក្នុងក្របខណ្ឌខ្សែក្រវាត់មួយ និងផ្លូវមួយ។ ត្រង់ចំណុចនៃក្តីកង្វល់របស់វៀតណាមពាក់ព័ន្ធព្រែកជីកហ្វូណន-តេជោ មិនមានភាពចាំបាច់នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការផ្សាយរបស់កាសែតបរទេស ដោយចាត់ទុកថាព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមរបស់ចិន ក្នុងក្របខណ្ឌខ្សែក្រវាត់មួយ និងផ្លូវមួយ។ ខ្ញុំគ្រាន់តែគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកដែលផ្តួចផ្តើមគំនិតទាំងស្រុងដោយភាគកម្ពុជា ចិនមិនបានដឹងរឿងនេះទេ យើងគ្រាន់តែបានពិភាក្សា និងមានការចូលរួមក្នុងការសិក្សា ហើយយើងស្វះស្វែងរកក្រុមហ៊ុនចិន ដើម្បីមកវិនិយោគរួមគ្នាជាមួយកម្ពុជា ដើម្បីបង្កើតឡើង និងការជីកព្រែកជីកមួយនេះ»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅអ្នកដែលតែងតែចោទប្រកាន់កម្ពុជា ភ្ជាប់នឹងក្របខណ្ឌភូមិសាស្ត្រ ហើយមានទំនោរឆ្ពោះទៅរកការប្រឆាំងចិន សូមបញ្ឈប់រឿងនេះជាបន្ទាន់ វាជាការឆោតល្ងង់ដែលអ្នកទាំងឡាយធ្វើការលើកឡើងដោយមិនដឹងឫសគល់នៃបញ្ហា។ គិតផ្តួចផ្តើមជីកព្រែកហ្វូណនតេជោ គឺចេញពីការគំនិតរបស់កម្ពុជា សុទ្ធសាធ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការជីកព្រែកហ្វូណនតេជោ គឺដើម្បីឯករាជ្យខាងនយោបាយដឹកជញ្ជូន ផលចំណេញផ្នែកសេដ្ឋកិច្ច លើការដឹកជញ្ជូនលើផ្លូវទឹកទៅថ្ងៃអនាគត។
សម្តេចតេជោ ហ៊ុន សែន ក៏បានទទូចឱ្យបញ្ឈប់ទៅ នយោបាយប្រឆាំងចិន ដោយភ្ជាប់បញ្ហាព្រែកជីក ទៅជាមួយសន្តិសុខរបស់វៀតណាម។ កម្ពុជា មានទំនាក់ទំនងល្អជាមួយវៀតណាម វៀតណាម មានទំនាក់ទំនងល្អជាមួយចិន ដូច្នេះគ្មានហេតុផលអី ដែលត្រូវធ្វើសង្គ្រាមប្រឆាំងគ្នានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ស្តីពីទន្លេមេគង្គ គឺប្រទេសកម្ពុជា ត្រូវជូនដំណឹងគណៈកម្មការរួម ហើយមិនមានការចាំបាច់ណាមួយក្នុងការពិគ្រោះ ឬចរចាជាមួយគណៈកម្មការទន្លេមេគង្គនោះទេ៕