(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកាសប្បុរសធម៌ពី សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា (MBCC) អង្គភាព Virtus Media (Khmer Times) និងធនាគារវីង ប្រគល់ជូនអាជ្ញាធរមីន សម្រាប់យកមកប្រើប្រាស់ក្នុងកម្មវិធីសកម្មភាពមីននៅកម្ពុជា។

ក្នុងពិធីប្រគល់-ទទួលនេះ មានការចូលរួមជាភ្ញៀវកិត្តិយសពី ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតចាត់តាំងម៉ាឡេស៊ីប្រចាំនៅកម្ពុជា លោកឧកញ៉ា Tan Khee Meng ប្រធាន MBCC, លោក Mohan Bandam និពន្ធនាយកនៃអង្គភាព Virtus Media (Khmer Times), លោក Han Peng Kwang នាយកប្រតិបត្តិនៃធនាគារវីង និងថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានទទួលស្គាល់ការគាំទ្រ ភាពជាដៃគូ និងថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងសហការីនៃសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា អង្គភាពVirtus Media (Khmer Times) និងធនាគារវីង ដែលបានរៃអង្គាសថវិកា និងជំរុញកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេស ក្នុងរួមចំណែកដល់កម្មវិធីសកម្មភាពមីននៅកម្ពុជា ដែលជាបញ្ហាសំខាន់សម្រាប់ប្រជាពលរដ្ឋ សេដ្ឋកិច្ច និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ទេសរដ្ឋមន្រ្តីបានបន្តទៀតថា សន្តានចិត្តមនុស្សធម៌ នឹងចូលរួមដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីន តាមរយៈកិច្ចសង្រ្គោះអាយុជីវិត បង្កើនការយល់ដឹងអំពីមីន ផ្តល់ដីសុវត្ថិភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជូនដល់ប្រជាពលរដ្ឋកម្ពុជា។ វានឹងធ្វើឱ្យមានការផ្លាស់ប្តូរជាក់ស្តែងក្នុងជីវភាពរស់នៅ របស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន និងបង្កើតអនាគតមួយដែលប្រជាជនយើងអាចរស់នៅ ដោយសេរីពីការភ័យខ្លាចដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានរំលឹក និងសម្តែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះភាពជាអ្នកដឹកនាំ និងចក្ខុវិស័យខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងបានបោះជំហានយ៉ាងសំខាន់ ឆ្ពោះទៅរកប្រទេសកម្ពុជាដែលមានសុវត្ថិភាពជាងមុន។ ក្រោមការតស៊ូមតិ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការកាត់បន្ថយជនរងគ្រោះដោយសារគ្រាប់មីន បង្កើនលទ្ធភាពទទួលបានដីសម្រាប់កសិកម្ម សកម្មភាពសេដ្ឋកិច្ច និងការទាក់ទាញការគាំទ្រពីអន្តរជាតិ។ នេះអាចកើតឡើងដោយសារតែការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ក្នុងការលើកកម្ពស់ភាពជាម្ចាស់នៃការងារសកម្មភាពមីន និងផ្តល់អាទិភាពដល់ការបោសសម្អាតតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី លី ធុជ តាងនាមសហគមន៍រងផលប៉ះពាល់ដោយសារមីន បានសម្តែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានបន្តគាំទ្រ និងដឹកនាំឥតងាករេ ក្នុងបុព្វហេតុដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ចក្ខុវិស័យ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់សម្តេចធិបតី ចំពោះបញ្ហានេះពិតជាមានការបំផុសគំនិត និងរំលឹកអំពីអ្វីដែលយើងអាចសម្រេចបាន នៅពេលដែលយើងធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមមួយ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត, ទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកវិភាគទានពីជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាឆាប់រួចចាកផុតពីផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នាពេលអនាគត៕