(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញការជឿជាក់ថា មេដឹកនាំវៀតណាម ចង់ឲ្យកម្ពុជា មានឯករាជ្យភាព លើការដឹកជញ្ជូនតាមផ្លូវទឹក។

ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿថា មេដឹកនាំវៀតណាម ក៏ចង់ឲ្យកម្ពុជាឯករាជ្យដែរ ហើយក៏មិនចង់ឲ្យនាវាពីកម្ពុជា ហូរហៀរទៅដោយទំនិញ ដែលវៀតណាមចាប់បង្ខំ ត្រូវតែធ្វើការត្រួតពិនិត្យកុងទឺន័រទាំងអស់ ដែលត្រូវឆ្លងកាត់»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសក្បែរខាងគ្នា ត្រូវការកសាងទំនាក់ទំនងល្អជាមួយគ្នា តែប្រៀបដូចជាអណ្តាត និងធ្មេញ ជាមិនផុតពីការប៉ះទង្គិចគ្នានោះឡើយ។ សម្ដេចបន្ដថា កម្ពុជាអត់ត្រូវការ ធ្វើជាសត្រូវនោះទេ គឺត្រូវការធ្វើជាមិត្ដ។

បើតាមការឲ្យដឹងពីសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា ជាមួយនឹងវៀតណាម កំពុងចរាចរទំនិញ ក្នុងទំហំពាណិជ្ជកម្ម ទ្វេរភាគី១០ពាន់លានដុល្លារ ហើយឥលូវនេះ រវាងវៀតណាម និងកម្ពុជា ទំហំពាណិជ្ជកម្ម គឺប្រហាក់ប្រហែលគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា បច្ចុប្បន្ន កម្ពុជានាំចេញទៅវៀតណាម កាន់តែច្រើន ហើយកម្ពុជានាំចូលពីវៀតណាម ក៏កាន់តែច្រើនផងដែរ ខណៈដែលពីមុន កម្ពុជានាំចូលពីវៀតណាម ច្រើនជាងនាំចេញ ឥលូវនេះ មានតុល្យភាព។

គូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋខ្មែរ។ គម្រោងព្រែកជីកហ្វូណន-តេជោ ដែលតភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។

ពោលព្រែកជីកនេះ ជាចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក និងនាវាចរណ៍ ឲ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ទៅថ្នាក់តំបន់ និងពិភពលោក ព្រមទាំងអាចជួយរំដោះទឹកជំនន់ នៅតាមខេត្តភាគនិរតី ជាប្រភពផ្គត់ផ្គង់ទឹក សម្រាប់ប្រជាពលរដ្ឋកម្ពុជា ប្រកបរបរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូន កសិផលនានាពីតាមបណ្តាខេត្ត ឲ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយពេលវេលាជាដើម។

គម្រោងព្រែកជីកនេះដែរ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្រ របស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង សរុបប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះ គ្រោងចំណាយទុន ប្រមាណ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់ ដោយប្រើពេលវេលា២៦ខែ។

គម្រោងនេះ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ក្នុងឆ្នាំ២០២៣ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយក៏ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជីកព្រែកជីកហ្វូណន-តេជោ ដើម្បីបម្រើប្រយោជន៍ ផ្នែកសេដ្ឋកិច្ច ជាពិសេសការតភ្ជាប់បណ្តាញ ដឹកជញ្ជូនតាមផ្លូវទឹក រវាងទន្លេ និងសមុទ្ររបស់កម្ពុជា៕