(ភ្នំពេញ)៖ មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា បានប្រកាសក្តែងៗ នៅពេលថ្មីៗនេះថា ខ្លួនមិនពេញចិត្តទេ ដែលមានប្រទេសមួយនោះ គាំទ្ររដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ខណៈដែលលោកអះអាងថា ពិភពលោកទាំងមូលគេដឹងពី ស្ថានភាពកម្ពុជាបច្ចុប្បន្នអស់ហើយ ហើយគ្មានប្រទេសណាគាំទ្រកម្ពុជាទេ ក្រៅពីប្រទេសកុម្មុយនីស្តមួយហ្នឹង (សំដៅទៅលើសាធារណរដ្ឋប្រជាមានិតចិន) ដែលគាំទ្ររដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលមេដឹកនាំគណបក្សប្រឆាំង បានបង្ហាញជំហរជាសាធារណៈ ធ្វើជាសត្រូវជាមួយប្រទេសចិន។ កន្លងមក គណបក្សនេះធ្លាប់បានរិះគន់ ស្តីបន្ទោស និងចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ជាញឹកញយថា បានងាកទៅរកនយោបាយចិន ដោយគណបក្សប្រឆាំងចង់បង្ហាញជំហរថា ខ្លួនគេជាអ្នកប្រជាធិបតេយ្យនិយម ដែលគាំទ្រផ្កាប់មុខចំពោះអាមេរិក និងស្អប់ចិនយ៉ាងខ្លាំង។
តើទេសចរណ៍ចិន អ្នកវិនិយោគិនចិនដែលបាន និងកំពុងបន្តបណ្តាក់ទុនវិនិយោគ នៅប្រទេសកម្ពុជា ជនជាតិចិនដែលកំពុងប្រកបរបរ ជួញដូរនិងរស់នៅកម្ពុជា និងបងប្អូនខ្មែរកាត់ចិនដែលភាគច្រើនលើសលុបជាអ្នករកស៊ីនៅកម្ពុជា នឹងមានវាសនាទៅជាយ៉ាងណា បើលោក កឹម សុខា និងបក្សប្រឆាំងជាអ្នកដឹកនាំប្រទេសមែននោះ? ព្រោះលោក កឹម សុខា និងបក្ខពួកគឺពិតជាស្អប់ចិនយ៉ាងខ្លាំង ដោយសារតែចិនគាំទ្រ រាជរដ្ឋាភិបាលខ្មែរបច្ចុប្បន្ន។
រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន គឺមិនមែនទទួលជំនួយផ្តាច់មុខតែពីប្រទេសចិននោះទេ មានប្រទេសជាច្រើនដែលបានផ្តល់ជំនួយ ដល់ប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍។ ជំនួយដែលកម្ពុជាទទួលបានក្នុងមួយឆ្នាំៗ មានប្រភពជាអាទិ៍មកពី ជប៉ុន សហគមន៍អឺរ៉ុប អង្គការអន្តរជាតិ និងប្រទេសជាច្រើនទៀត លើពិភពលោក។
រដ្ឋាភិបាលកម្ពុជា មិនដែលរមិលគុណចំពោះប្រទេសណាមួយ ដែលតែងតែគិតគូរ ផ្តល់ជំនួយ និងជ្រោមជ្រែងដល់កម្ពុជាកន្លងមកនោះទេ ហើយក្នុងចំណោមប្រទេសទាំងនោះ ជាក់ស្តែងចិន គឺបានជួយកម្ពុជាយ៉ាងច្រើន តាមរយៈជំនួយសន្ធឹកសន្ធាប់ដើម្បីអភិវឌ្ឍន៍ប្រទេស។ សម្រាប់ជំនួយទាំងនោះ គឺមានសារៈសំខាន់មិនអាចខ្វះបានឡើយ សម្រាប់កម្ពុជាក្នុងការកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធធនធានមនុស្ស សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ល។ មេដឹកនាំកម្ពុជាគ្មានជំហររើសអើង ដូចមេដឹកនាំបក្សប្រឆាំងចំពោះប្រទេសណាមួយនោះទេ ឱ្យតែប្រទេសទាំងនោះ មានគោលបំណងជួយកម្ពុជាដោយពិតប្រាកដ។ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មិនដែលរើសអើងចំពោះអ្នកវិនិយោគិនបរទេស និងជនជាតិបរទេសណាមួយ ដែលចង់មករកស៊ីនៅកម្ពុជាឡើយ ឱ្យតែពួកគេមករកស៊ីដោយស្របច្បាប់។
ទោះបីជាមានការរិះគន់ពីសំណាក់គណបក្សប្រឆាំង ក៏ដូចជាលោក កឹម សុខា ចំពោះទំនាក់ទំនងកម្ពុជា-ចិន យ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសហើយថា រដ្ឋាភិបាលកម្ពុជា រក្សាជំហរឯករាជ្យ អព្យាក្រឹត្យ និងម្ចាស់ការលើជោគវាសនារបស់ខ្លួន គឺមិនផ្តេកផ្តួលទៅលើប្រទេសមហាអំណាច ឬប្រទេសណាមួយឡើយ។ គេនៅចាំបានថា នាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលកន្លងមកធ្លាប់បានឆ្លើយតបទៅជនជាតិវៀតណាម ដែលបក្សប្រឆាំងតែងតែចោទថា កម្ពុជាជាអាយ៉ងនោះថា លោកស្មោះត្រង់តែចំពោះព្រះមហាក្សត្រកម្ពុជា ភរិយានិងគ្រួសារ និងបងប្អូនប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ។
នាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំងធ្លាប់បានបញ្ជាក់ជាសាធារណៈថា ទោះបីជាខ្មែរទទួលជំនួយពីប្រទេសនានាក្តី ក៏ខ្មែរគ្មានភាពចាំបាច់ត្រូវរណបប្រទេសណាមួយដែរ ដែលនេះហើយជាមូលហេតុ ដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា លោកមិនទទួលជំនួយពីប្រទេសណាមួយ ដែលដាក់លក្ខខណ្ឌលើកម្ពុជានោះទេ សូម្បីតែចិនដែលជាម្ចាស់ជំនួយ ដ៏ធំមួយរបស់កម្ពុជាក៏ដោយ។
នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា បើជំនួយរបស់ចិន មានលក្ខខណ្ឌកៀបសង្កត់ណាមួយមកលើកម្ពុជានោះ លោកនឹងមិនទទួលយកឡើយ។ ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា ពិតណាស់ថា ជំនួយគឺមានសារៈសំខាន់មិនអាចខ្វះបានឡើយ ជាពិសេសនៅកំឡុងពេល ដែលកម្ពុជាទើបតែងើបពីសង្រ្គាម រ៉ាំរ៉ៃជាង៣ទសវត្សរ៍ ដែលហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ដែលជាសរសៃឈាមនៃប្រទេសជាតិ ត្រូវបានកំទេច និងបំផ្លាញចោលទាំងស្រុង។
បើយើងក្រឡេកមើលទៅលើទំនាក់ទំនងការទូត ទំនាក់ទំនងក្នុងតំបន់ និងទំនាក់ទំនងជាទ្វេភាគីរវាង នាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខដឹកនាំនៃប្រទេសក្នុងតំបន់ និងអន្តរជាតិ គឺរយៈពេល៥អាណត្តិមកនេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានមេដឹកនាំប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោកចាត់ទុកថា ជាមេដឹកនាំដែលចាស់ទុំជាងគេ ហើយត្រូវបានមេដឹកនាំប្រទេសសំខាន់ៗមួយចំនួន ស្នើសុំរៀនសូត្រតាមទៀតផង។ ជាពិសេសគឺនយោបាយឈ្នះឈ្នះ ដែលបានបង្រួបបង្រួមខ្មែរជាច្រើនភាគី មកជាខ្មែរតែមួយរហូតដល់បច្ចុប្បន្ននេះ។ ខុសពីការលើកឡើងរបស់ លោក កឹម សុខា ដែលថា ប្រទេសក្នុងពិភពលោក គ្មានអ្នកណាគាំទ្ររដ្ឋាភិបាលកម្ពុជា មានតែចិនតែមួយនោះ គឺនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនត្រឹមតែត្រូវបានគេមើលឃើញថា មានទំនាក់ទំនងល្អ ជាមួយមេដឹកនាំប្រទេសជិតខាងក្នុងតំបន់ និងពិភពលោកប៉ុណ្ណោះទេ លោកថែមទាំងត្រូវបានគេដឹងថា ជាសម្ព័ន្ធមិត្តទ្វេភាគីដ៍ជិតស្និទ្ធជាមួយបណ្តាមេដឹកនាំសំខាន់និងល្បីៗជាច្រើនរូបទៀតក្នុងពិភពលោក។
ចំណុចគួរអោយកត់សំគាល់បំផុតនោះ គឺកុំសូម្បីតែលោកប្រធានាធិបតីអាមេរិក អូបាម៉ា ប្រធានាធិបតីបារាំង ហូឡង់ រឺលោក បាន គីមូន អគ្គលេខាងធិការអង្គការសហប្រជាជាតិ។ល។ ក៏នាយករដ្ឋមន្ត្រីហ៊ុន សែន មានទំនាក់ទំនងល្អជាមួយដែរ សំខាន់ឱ្យតែមានផលចំណេញដល់ប្រទេស និងប្រជាពលរដ្ឋកម្ពុជា គឺផ្ទុយពីមេដឹកនាំគណបក្សប្រឆាំង ដែលធ្វើនយោបាយរើសអើងនិងបិទផ្លូវខ្លួនឯង កាត់ផ្តាច់ចំណងមិត្តភាព និងទំនាក់ទំនងជាមួយប្រទេសមួយចំនួន ដែលខ្លួនគិតថាមិនពេញចិត្តរួចទៅហើយ។ ការប្រកាន់ជំហរជាសត្រូវជាមួយចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងពិភពលោក របស់គណបក្សសង្គ្រោះជាតិ គឺខុសគ្នាស្រឡះពីគណបក្សប្រឆាំងនៅប្រទេសផ្សេងៗទៀត ដែលគេខិតខំស្វែងរកការគាំទ្រពីប្រទេសនានា ក៍ដូចជាខិតខំទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគិនពីបរទេស ដើម្បីបណ្តាក់ទុនវិនិយោគនៅប្រទេសខ្លួន គឺគេធ្វើដើម្បីប្រជាពលរដ្ឋរបស់គេ មិនមែនប្រឆាំងផ្កាប់មុខ បំផ្លាញជាតិ បំផ្លាញការងារ បំផ្លាញមុខរបរ ជាពិសេសបំផ្លាញឆ្នាំងបាយ របស់ប្រជាជន និងយុវជន ខ្លួនឯងនោះឡើយ។
អ្នកវិភាគមើលឃើញថា ជាការគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ដែលគណបក្សនយោបាយមួយ យកប្រទេសមួយ ឬជនជាតិមួយធ្វើជាសត្រូវនឹងខ្លួន ដូចករណីដែលបក្សនេះស្អប់ចិនដូច្នេះដែរ។ អ្នកវិនិយោគិនធំៗរបស់ចិន ដែលកំពុងតែបណ្តាក់ទុកវិនិយាគនៅកម្ពុជា គឺមានចំនួនច្រើន ហើយបានផ្តល់នូវការងារជូនប្រជាពលរដ្ឋខ្មែររាប់សែននាក់។ ជាមួយគ្នានេះអ្នករកស៊ី និងជាពិសេសបងប្អូនខ្មែរកាត់ចិន ជាច្រើនដែលកំពុងតែបានរួមចំណែកក្នុងសរសៃឈាមសេដ្ឋកិច្ចកម្ពុជាមួយភាគធំ ហើយបើបក្សប្រឆាំងស្អប់ចិន នឹងប្រកាសធ្វើសត្រូវជាមួយចិនមែន គឺស្មើនឹងប្រកាសធ្វើសត្រូវជាមួយនឹងបងប្អូនអ្នករកស៊ីទាំងអស់ដែរ ព្រោះអ្នករកស៊ីនៅស្រុកខ្មែរទាំងអស់ សុទ្ធតែមានទំនាក់ទំនងគ្នាទៅវិញទៅមក ជាពិសេសជាមួយបងប្អូនខ្មែរ-ចិនតែម្តង៕