(ភ្នំពេញ)៖ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) បានទទួលជោគជ័យនៅដំណាក់កាលទី១ និងទី២ ហើយសម្រាប់កម្មវិធីបណ្តុះបណ្តាលដំណាក់កាលទី៣ ក្រសួងទេសចរណ៍និងអង្គការដៃគូបានដាក់ចេញគោលដៅបណ្តុះបណ្តាលយុវជន និងគ្រូបង្គោល/អ្នកវាយតម្លៃបង្គោលសរុបឱ្យបាន៣,៥២០រូប ក្នុងនោះ៥០ភាគរយជាស្ត្រី នៅក្នុងខេត្តគោលដៅចំនួន១២។
ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាលើផែនការដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨ ដែលបានរៀបចំឡើងនៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) រួមជាមួយលោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ ក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានឱ្យដឹងថា កម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី៣ ផ្តោតលើសមាសភាពចម្បងចំនួន៣ រួមមាន៖ ១-ពង្រឹងសមត្ថភាពស្ថាប័នបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET governance), ២-ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃខេត្តគោលដៅ ៣-អនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដែលនឹងសម្របសម្រួលគម្រោងដោយអង្គការស្វីស ខន់ថាក់ អនុវត្តគម្រោងដោយក្រសួងទេសចរណ៍ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ខេត្តគោលដៅចំនួន១២ខេត្ត រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែងព្រះវិហារ មណ្ឌលគិរី រតនគិរី កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន កោះកុង បន្ទាយមានជ័យ និងឧត្តរមានជ័យ។
លោក ជួប រតនា បានបន្តថា គោលដៅសម្រាប់រយៈពេល៤ឆ្នាំ (២០២៤-២០២៨) កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជានឹងត្រូវធ្វើការបណ្តុះបណ្តាលយុវជន និងគ្រូបង្គោល/អ្នកវាយតម្លៃបង្គោលសរុបចំនួន ៣,៥២០រូប (៥០%ជាស្ត្រី) ដោយអនុឡោមសកម្មភាពគន្លឹះតាមផែនទីបង្ហាញផ្លូវជំនាញ ហូកា ឆ្នាំ២០២៤-២០២៨។
ប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានបន្តថា សកម្មភាពចម្បងៗមុននឹងអាចអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ក្នុងដំណាក់កាលទី៣ រួមមាន៖ ១-កែសម្រួលរចនាសម្ព័ន្ធរបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា, ២-រៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់សម្រាប់អនុវត្តដំណាក់កាលទី៣ (២០២៤-២០២៨), ៣-រៀបចំកិច្ចព្រមព្រៀងអនុវត្តគម្រោង (PartnershipAgreement) រវាងក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោង ជាមួយអង្គការស្វីសខន់ថាក់ និង៤-រៀបចំសិក្ខាសាលាផ្សព្វផ្សាយពីដំណើរការគម្រោងសម្រាប់ដំណាក់កាលទី៣។
លោក ជួប រតនា បន្តទៀតថា ចំពោះចំនួនថវិកាដែលត្រូវអនុវត្តរយៈពេល៤ឆ្នាំខាងមុខ នឹងត្រូវបញ្ជាក់តាមរយៈការរៀបចំកិច្ចព្រមព្រៀងអនុវត្តគម្រោង ដោយរំលេចនូវផែនការសកម្មភាព និងផែនការថវិកាច្បាស់លាស់។
នាឱកាសនោះ លោករដ្ឋលេខាធិការ ប៉ាក់ សុខុម បានលើកឡើងដែរថា រយៈពេលដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ បើទោះជាស្ថិតក្នុងគ្រាលំបាកនៃវិបត្តិជំងឺកូវីដ-១៩ក្តី ប៉ុន្តែគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដែលមានលេខាធិការដ្ឋានជាសេនាធិការ បានអនុវត្តផែនការប្រសិទ្ធភាពប្រកបដោយភាពបត់បែន ចាប់យកនូវបច្ចេកវិទ្យាឌីជីថល និងបានធ្វើការបណ្តុះបណ្តាលយុវជនបានចំនួន៤,៥៥៦នាក់ បើធៀបទៅនឹងដំណាក់កាលទី១ ដែលបណ្តុះបណ្តាលយុវជនបានចំនួន១,១២០នាក់។
លោករដ្ឋលេខាធិការបន្តថា យន្តការដឹកនាំរបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា គឺបានផ្តល់នូវទំនុកចិត្តដល់មន្ទីរទេសចរណ៍ ដែលជាអង្គភាពអនុវត្តគម្រោងមានភាពអង់អាច និងម្ចាស់ការសម្រាប់ដឹកនាំអនុវត្តផែនការសកម្មភាពថ្នាក់ក្រោមជាតិបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ហើយយន្តការនេះបានចូលរួមដោយះស្រាយនូវបញ្ហាប្រឈមនានាដែលបានកើតមាន និងបានផ្តល់ជាអនុសាសន៍គន្លឹះល្អៗសម្រាប់អនុវត្តឲ្យស្របតាមគំនិតផ្តួចផ្តើម “បង្កើន៥ អភិវឌ្ឍ៣” របស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍។
គួរជម្រាបថា កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល/អ្នកវាយតម្លៃបង្គោល និងកម្មវិធីហ្វឹកហាត់អាជីវកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ត្រីទេសចរណ៍ អ្នកគ្រប់គ្រង និងម្ចាស់អាជីកម្មទេសចរណ៍ និងចងក្រងនូវមូលធនមនុស្សក្នុងខេត្តគោលដៅ ដើម្បីជំរុញការបណ្តុះបណ្តាលបន្តដល់អ្នកជំនាញទេសចរណ៍ ដែលនឹងធានាដល់និរន្តរភាពនៃការបណ្តុះបណ្តាលក្រោយចប់គម្រោង៕