(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានជំរុញលើកទឹកចិត្តឱ្យផ្នែកឯកជន ដូចជាផលិតករ សិប្បករ អាជីវករ ក៏ដូចជាអ្នកជំនួញនានា ចូលរួមដាក់តាំងពិព័រណ៌បង្ហាញ និងលក់ផលិតផលក្នុងស្រុក ពិសេសផលិតផល ដែលផលិតដោយប្រជាពលរដ្ឋខ្មែរ ឱ្យបានគ្រប់គ្នា ក្នុងឱកាសប្រារព្ធពិធីបុណ្យសមុទ្រ នាពេលខាងមុខ។
ការលើកទឹកចិត្តនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងារជាមួយ លោកស្រី ប៉ុក ណាណ្ដា ប្រធានសហព័ន្ធស្រ្តីអ្នកជំនួញកម្ពុជា (CWBF) រួមទាំងសមាជិកមួយចំនួនទៀត ដែលជាផលិតករ អាជីវករ សិប្បករ ផលិតនិងលក់ផលិតផលខ្មែរជាច្រើន ដូចជាហូល ផាមួង សូត្រ តម្បាញ គ្រឿងអលង្ការ គ្រឿងចម្លាក់នានា ក៏ដូចជាបទភ្លេងចម្រៀងផងដែរ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានជំរុញឱ្យប្រជាពលរដ្ឋខ្មែរតាមសហគមន៍ ត្រូវចូលរួមផលិត និងលក់ផលិតផលខ្មែរ នៅក្នុងទីផ្សារទេសចរណ៍ ដើម្បីបង្ហាញពីភាពច្នៃប្រឌិត ដ៏សម្បូរបែប គុណភាពល្អ ប្រកបដោយភាពទាក់ទាញ សំដៅជំរុញកំណើនទេសចរណ៍ ចូលមកទស្សនាកម្ពុជាកាន់តែច្រើន។
លោករដ្ឋមន្រ្តីបានប្រាប់ឱ្យដឹងពីការប្រារព្ធបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃឆ្លងឆ្នាំសាកល រយៈពេល៣ថ្ងៃ ជូនប្រធាន និងសមាជិកសហព័ន្ធស្រ្តីអ្នកជំនួញកម្ពុជា ព្រមទាំងបានជំរុញ និងលើកទឹកចិត្តឱ្យសមាជិកទាំងអស់ ចូលរួមដាក់តាំងពិព័រណ៌បង្ហាញ និងលក់ផលិតផលក្នុងស្រុក ពិសេសផលិតផលរបស់ប្រជាពលរដ្ឋខ្មែរ ឱ្យបានច្រើនកុះករ ដើម្បីបញ្ជាក់ប្រាប់ភ្ញៀវអន្តរជាតិថា ជនជាតិខ្មែរមានការច្នៃប្រឌិត មានវប្បធម៌ដ៏ល្បីល្បាញ ចេះបង្កើតអ្វីៗដោយខ្លួនឯងមិនចម្លងពីគេ ចេះថែរក្សានូវអ្វីជារបស់ជាតិ សំដៅញ៉ាំងបរិយាកាសក្នុងឱកាសនោះ ឱ្យកាន់តែល្អប្រសើរថែមទៀត។
លោករដ្ឋមន្រ្តីថា «ខ្ញុំបានចុះរៀបចំទីធ្លាសម្រាប់ដាក់បង្ហាញផលិតផល ចម្ងាយដល់ទៅ២គីឡូម៉ែត្រ ឯណោះ ដើម្បីងាយស្រួលក្នុងការដាក់តាំងផលិតផល ហើយមានពង្រីកផ្លូវឱ្យទូលាយថែមទៀត»។
ឆ្លើយតបនឹងការជំរុញ និងលើកទឹកចិត្តបែបនេះ លោកស្រី ប៉ុក ណាណ្ដា បានឯកភាពយល់ព្រម យ៉ាងពេញចិត្តជាមួយសមាជិកឯទៀត ដោយលោកស្រីបានឱ្យដឹងថា នឹងចូលរួមឱ្យបានសកម្មជាមួយ ក្រសួងទេសចរណ៍ ក៏ដូចជាក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម និងសិប្បកម្មផងដែរ។
លោកស្រីថា «សហព័ន្ធស្រ្តីអ្នកជំនួញកម្ពុជា យើងតែងតែប្រមូលសមាជិករបស់យើង ចូលរួមគ្រប់ការតាំងពិព័រណ៌ ព្រោះនេះជាតួនាទីរបស់ថ្នាក់ដឹកនាំសហព័ន្ធ ក្នុងការជួយផ្សព្វផ្សាយ ផលិតផលរបស់សមាជិក ក៏ដូចជាការជួយផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សហគមន៍ប្រជាពលរដ្ឋ ឱ្យពួកគាត់ប្រឹងផលិតឱ្យកាន់តែច្រើន និងឱ្យកាន់តែមានគុណភាពខ្ពស់ ប្រកបដោយភាពទាក់ទាញ»។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ថោង ខុន ក៏បានជំរុញឱ្យក្រុមផលិតករ ដែលផលិតបទភ្លេងចម្រៀង ត្រូវមានការនិពន្ធបទថ្មីមិនចម្លងពីគេ និងបានស្នើឱ្យផលិតករទាំងនោះ និពន្ធដោយមានរៀបរាប់ និងផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារពិភពលោក សំដៅបង្កភាពទាក់ទាញភ្ញៀវអន្តរជាតិ ឱ្យចូលមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនថែមទៀត៕