Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ៖ ផ្លូវនៅតាមជនបទ មានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ចនិងសង្គមកិច្ចនៅជនបទ

16-05-2024 12:38

(តាកែវ)៖ លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូន នៅតាមជនបទ មានសារៈសំខាន់បំផុតក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និងទីប្រជុំជន។

លោកបានបញ្ជាក់ដែរថា ការស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការវិនិយោគដីចាំបាច់ ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗជូនដល់ប្រជាជន នៅទូទាំងប្រទេសដែលជាចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីករបស់ប្រជាពលរដ្ឋជាដើម។

លោកបណ្ឌិត សៅ ជីវ័ន្ត បានលើកឡើងយ៉ាងដូចនេះនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នាឱកាសតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូអន្តរក្រសួងចុះពិនិត្យ វាយតម្លៃប្រគល់ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាព គុណភាពការងារស្ថាបនានៅក្នុងខេត្តចំនួនពីររួមមាន៖ ក្នុងនោះសម្រាប់គម្រោងផ្លូវទី១ ការងារផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៦ ៣០០ម៉ែត្រ, ទទឹង ៦ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំទទឹងម្ខាងៗ ១ម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន ៣កន្លែង ស្ថិតនៅភូមិឬស្សីថ្មី ភូមិជម្លូរព្រឹក្ស ភូមិជ្រយ និងភូមិដង្ហិត ឃុំចំប៉ា ភូមិសមរលាវ ភូមិសមរខ្មែរ និងភូមិថ្នល់បត់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ចំណែកគម្រោងទី២, ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ ខ្សែដូចគ្នា ប្រវែង ៤ ០០០ម៉ែត្រ, ទទឹង ៦ម៉ែត្រ, ចិញ្ចើមផ្លូវសងខាង ក្រាលល្បាយក្រួសទទឹងម្ខាងៗ ១ ម៉ែត្រ, សាងសង់លូមូលមុខពីរចំនួន១កន្លែង លូមូលមុខមួយចំនួន ៦កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ១កន្លែង ស្ថិតនៅភូមិព្រងើយ ឃុំថ្មពួន និងភូមិទួលពពេល ឃុំគោកគង់លិច និងឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ជាមួយគ្នានោះដែរលោកបណ្ឌិត សៅ ជីវ័ន្ត ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំងពីរខ្សែសម្រេច បានល្អប្រសើរ ព្រោះផ្លូវនៅជនបទនេះ ក្រសួងបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយគិតគូរពីភាពធន់និងការប្រែប្រួល អាកាស ធាតុ ទាំងផ្លូវដីស, ផ្លូវល្បាយក្រួស, និងផ្លូវក្រាសកៅស៊ូពីរជាន់ ឬក្រាលបេតុង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុង ការធ្វើ ដំណើរ, ចំណេញពេលវេលា, កាត់បន្ថយចំណាយលើការដឹកជញ្ជូន ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងភាពងាយស្រួលក្នុងការ ទទួលបានសេវាសាធារៈជាដើម៕