(ខេត្តព្រៃវែង)៖ លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការកាកបាទក្រហមសាខាខេត្តព្រៃវែង បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងក្រុមការងារអនុសាខាស្រុកស៊ីធរកណ្តាល ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន២ខ្នង ទំហំ៤មx៦ម ធ្វើអំពីឈើដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យចំនួន២ ក្នុងផែនការឆ្នាំ២០២៤ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រចំនួន២គ្រួសារ នៅឃុំព្រៃទឹង និងឃុំពោធិ៍ទី ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ការប្រគល់នេះធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នាឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខាខេត្តបានផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់ការប្រើប្រាស់ថង់ប្លាស្ទិក។

ចំពោះសម្ភារៈគ្រឿងផ្ទះចំនួន២ខ្នង ដែលបានប្រគល់ជូន គឺជាថវិកាមូលនិធិសាខាកាកបាទក្រហមកម្ពុជាខេត្តបានទទួលមកពីសប្បុរជនគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែកការងារមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។

ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន វិធានការបង្ការការឆ្លងរាលដាល នៃជំងឺគ្រុនឈាម សុវត្ថិភាពចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន នឹងគោលការណ៍គ្រឹះ ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សរុបអ្នកចូលរួមចំនួន៥៧នាក់ ស្រី៣៩នាក់។

ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សម្ភារៈផ្តល់ជូនបន្ថែម ក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គ.ក វិទ្យុ១គ្រឿង កន្ទេល១ឃីត ១កញ្ចប់ (មុង ភួយ សារុង ក្រមា) មី១កេស ត្រីខ១យួរ បោយទឹក១ ច្រាស់ដុសបង្គន់១ សាប៊ូ១កញ្ចប់តូច និងថវិកាក្នុង១គ្រួសារចំនួន១០០,០០០រៀល។

អនុសាខាស្រុកស៊ីធរកណ្តាលបានឧបត្ថម្ភថវិកាបន្ថែម ក្នុង១គ្រួសារចំនួន១០០,០០០រៀល និងបានសម្របសម្រួលតភ្ជាប់អគ្គីសនី ដល់ផ្ទះគ្រួសារទាំង២ផងដែរ។

គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ សាខាខេត្តបានប្រគល់ផ្ទះសរុបចំនួន២២០ខ្នងផ្ទះ និងបង្គន់អនាម័យសរុបចំនួន១៨៩បង្គន់៕