(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កងទ័ពកម្ពុជា-ចិន បានសហការរួមគ្នាបើកសមយុទ្ធនាគមាស ឆ្នាំ២០២៤ ជាលើកទី៦ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមនាវីទោ កៅ ស៊ីវឈីង នាយរងសេនាធិការ តំបន់ភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។

សមយុទ្ធនាគមាសនេះ នឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដោយសមយុទ្ធលើគោកធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងសមយុទ្ធលើផ្ទៃសមុទ្រ ស្ថិតក្នុងខេត្តព្រះសីហនុ។

ថ្លែងក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា សមយុទ្ធនាគមាសប្រចាំឆ្នាំ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ២០២៤នេះ ត្រូវបានពង្រីកទំហំធំជាងបណ្តាឆ្នាំមុនៗ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើននិងទំនើប ស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដែលកាន់តែរីកចម្រើននិងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យ។ 

បើតាមការបញ្ជាក់របស់ នាយឧត្ដមសេនីយ៍ សមយុទ្ធនាគមាសឆ្នាំនេះ មិនត្រឹមតែជាសមយុទ្ធកម្រិតកងទ័ពជើងគោក និងកងទ័ពជើងគោកនៅលើដីគោកប៉ុណ្ណោះទេ តែមានការពង្រីកដល់លម្អសមុទ្រផងដែរ ហើយសមយុទ្ធនាគមាសនេះ នឹងបន្តរីកចម្រើន និងពង្រីកដល់កងទ័ពជើងអាកាស និងបណ្តាប្រភេទទ័ពជំនាញផ្សេងៗទៀតនាពេលអនាគត។

នាយឧត្ដមសេនីយ៍ បានគូសបញ្ជាក់ពីគោលបំណងនៃសមយុទ្ធនាគមាស-២០២៤ គឺដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងទំនុកចិត្តនយោបាយទៅវិញទៅមក បម្រើឱ្យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី និងជំរុញកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពទាំងពីរ។

«សមយុទ្ធនាគមាសបានក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបានរវាងប្រទេសនិងកងទ័ពទាំងពីរកម្ពុជា-ចិន។ សមយុទ្ធនេះផ្តល់សារសំខាន់ដល់ការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមដល់កងទ័ពទាំងពីរ ដូចជាការបង្ហាញអំពីសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក បង្កើនការយល់ដឹងពីការបញ្ជាចម្រុះ និងនីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ»។ នេះជាការបញ្ជាក់របស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន ដែលបានជួយដល់កងយោធពលខេមរភូមិន្ទ ទាំងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសនៅវិទ្យាស្ថានទ័ពជើងគោក ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពារអាកាស ប្រព័ន្ធកាំជ្រួចស្វ័យប្រវត្តិ អាវុធធុនធ្ងន់ និងកសាងទីលានបាញ់គ្រាប់ពិតចម្រុះដ៏ទំនើប កម្រិតអន្តរជាតិនៅភ្នំជុំសែនរីករាយ។

នាយឧត្ដមសេនីយ៍ បានបន្តថា កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-ចិន មានការវិវឌ្ឍឥតឈប់ឈរ ធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរត្រូវបានបន្តពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់ «កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដោយការជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា ជួយគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ពាក់ព័ន្ធការធ្វើសមយុទ្ធជាមួយបរទេស នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៥៣ថ្មី បានបញ្ជាក់ច្បាស់ថា ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ និងរួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសទាំងអស់នៅលើសកលលោក។ កម្ពុជាមិនឈ្លានពាន និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។

តាមសេចក្តីរាយការណ៍របស់ប្រធានក្រុមការងារដឹកនាំសមយុទ្ធប្រទេសទាំងពីរបានឲ្យដឹងថា សមយុទ្ធនាគមាសឆ្នាំ២០២៤ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពកំដោះប្រជាជនចិនឆ្នាំនេះ មានកម្លាំងចូលរួមសរុប ២,០៧៥នាក់ ក្នុងនោះកងទ័ពកម្ពុជាចំនួន ១,៣១៥នាក់ កងទ័ពរំដោះប្រជាជនចិនចំនួន ៧៦០នាក់ រួមជាមួយគ្រឿងបំពាក់ដូចជា រថពាសដែក យន្តយុទ្ធគ្រប់ប្រភេទ នាវា ឧទ្ធម្ភាគចក្រ , រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសំអាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារ ជាច្រើនឈុតទៀត៕